រដ្ឋប្រកាសផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់គម្រោងចំនួន១០ តម្លៃ $១៥៤លាន នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងវិនិយោគ និងធុរកិច្ច ចំនួន ១០ទៀត មានតម្លៃប្រមាណ ១៥៤លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន៤, គម្រោងថ្មី ចំនួន៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១.១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម។

តាមប្រភពដដែលបានបង្ហាញថា, ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧.០២៩ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៥៣.១៨៧ កន្លែង។

គួរបញ្ជាក់ថា តាមការគ្រោងទុកនៅក្នុងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារ នឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ប្រមាណ ៣០គម្រោងបន្ថែមទៀត។

វិធីសាស្រ្តសកម្មទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញបរិយាកាសថាមវន្ត និងគាំទ្រដល់អ្នកវិនិយោគ ដោយកំណត់ដំណាក់កាលសម្រាប់ការអភិវឌ្ឍន៍ជាបន្តនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]