គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី
ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ពង្រឹងកម្លាំងពលកម្មជំនាញ និងអភិវឌ្ឍទីផ្សារការងារសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ
កិច្ចខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មត្រូវបានជំរុញកម្រិតថ្មីមួយទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈគន្លឹះចំនួនបី រួមមានសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២៦-២០៣៥ និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ការតាក់តែងឡើងនូវឯកសារយុទ្ធសាស្ត្រទាំងបីនេះ ត្រូវបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តល់អាទិភាពខ្ពស់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងតម្រង់ទិសការអភិវឌ្ឍសម្រាប់រយៈពេលដប់ឆ្នាំទៅមុខ។ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥ រៀបចំឡើងដោយក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានចក្ខុវិស័យធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មពីអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការពង្រឹងភាពប្រកួតប្រជែង ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល និងការលើកកម្ពស់សមត្ថភាពក្នុងស្រុក ដោយកំណត់គោលបំណងសំខាន់ៗចំនួនបួន រួមមានការបង្កើនការវិនិយោគដែលមានគុណភាព ការរក្សា និងជំរុញការចាក់ឫសឧស្សាហកម្មរយៈពេលវែង ការកសាងវិស័យគាំទ្រផលិតភាព និងការត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគតព្រមទាំងភាពធន់នឹងបរិស្ថាន។
ទន្ទឹមនឹងនេះ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ ២០២៦-២០៣៥ និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សម្បទាការងារ និងភាពបត់បែនឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយបរិយាបន្ន។ គោលនយោបាយទាំងនេះមិនត្រឹមតែផ្តោតលើការសាងសង់ប្រព័ន្ធអេកូឡូស៊ីធីវេតដែលមានគុណភាពពេញមួយជីវិតស្របតាមបរិវត្តកម្មឌីជីថល និងបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាង និងអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានមុខរបរដែលមានប្រាក់ចំណូលខ្ពស់ និងការងារសមរម្យជាងមុនផងដែរ។ មុនពេលដាក់ឆ្លងកិច្ចប្រជុំ ឯកសារគោលនយោបាយទាំងនេះត្រូវបានឆ្លងកាត់ការសិក្សាយ៉ាងល្អិតល្អន់ និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយក្រសួងស្ថាប័ន តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាបាននូវសង្គតិភាព និងលទ្ធភាពអនុវត្តជាក់ស្តែង។
ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ និងផ្តល់ធាតុចូលបន្ថែមដើម្បីឱ្យក្រុមការងារយកទៅកែសម្រួលឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។ នៅកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងណែនាំដ៏ខ្ពង់ខ្ពស់ឱ្យក្រុមការងារបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដើម្បីបញ្ចប់សេចក្តីព្រាងគោលនយោបាយទាំងបីនេះឱ្យបានរួចរាល់គ្រប់ជ្រុងជ្រោយត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៦ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តជាផ្លូវការ។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងវិស័យការងារសម្រាប់ទសវត្សរ៍ថ្មីនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបរិយាបន្នជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ (អានបន្ថែម)
- Video Advertisement -