សភាពាណិជ្ជកម្មរបស់ប៊ុលហ្គារី ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅទីផ្សាររបស់ខ្លួន

សភាពាណិជ្ជកម្មប៊ុលហ្គារី បានបង្ហាញពីបំណងចង់នាំយកគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសប៊ុលហ្គារី ខណៈកំពុងការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាបន្ថែមទៀតផងដែរ។

នេះបើយោងតាមប្រសាសន៍របស់លោកលោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Maxim Behar បានបង្ហាញក្តីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប៊ុលហ្គារី និងកម្ពុជា ខណៈលោកក៏ផ្តោតការចាប់អារម្មណ៍លើការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជាជាច្រើនប្រភេទ មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលជាឱកាសសម្រាប់វិនិយោគិនប៊ុលហ្គារី ក្នុងការចាប់យក សំដៅលើកកម្ពស់ការកែច្នៃ វេចខ្ចប់ ហើយប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអញ្ជើញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ និងជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា បើតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះមានរោងចក្រខ្នាតមធ្យមចំនួន ៦ ដែលមានសមត្ថភាពផលិតបានចន្លោះពី ៧.០០០ ទៅ ១៤.០០០ តោនក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងចង់វិនិយោគលើវិស័យកសិកម្ម ពិសេសផ្តោតទៅលើស្វាយចន្ទី

ដឹកនាំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឈុន គណៈប្រតិភូ […]

អូស្ត្រាលីសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ប្រទេសអូស្ត្រាលី បានសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥​ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅជាង ១​លានតោន

ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែល […]