ហេតុអ្វីម្ចាស់ផ្សារទំនើបនីមួយៗ បន្ដពង្រីកអាជីវកម្ម និងសង់ផ្សារបន្ថែមក្នុងអំឡុងវិបត្តិកូវីដនេះ?

សរសរដោយអ្នកវិភាគអលចនទ្រព្យឯករាជ្យលោក Eric Wong Chon Lap

សកម្មភាពអាជីវកម្មផ្សារទំនើបនៅកម្ពុជា រំពឹងថានឹងងើបឡើងនៅប៉ុន្មានខែខាងមុខនេះ ព្រោះតម្រូវការរបស់អ្នកជួលតូបនៅតែមានភាពរឹងមាំ ខណៈគម្រោងផ្សារទំនើបថ្មីៗជាច្រើនគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះផងដែរ។ ទាំងនេះជាសញ្ញាវិជ្ជមានរបស់អាជីវកម្មផ្សារទំនើប ស្របពេលដែលរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។

ប៉ុន្តែការងើបឡើងវិញនេះ បង្កប់នូវបញ្ហាអ្វីខ្លះ? ហើយម្ចាស់ផ្សារទំនើបនឹងអ្នកជួលតូបក្នុងផ្សារទំនើបត្រូវមានយុទ្ធសាស្ដ្រអ្វី?

ជាមួយនឹងនិន្នការវិជ្ជមាននេះ ម្ចាស់ផ្សារទំនើបនីមួយៗក៏ត្រូវតែផ្លាស់យុទ្ធសាស្រ្តដែរ ដើម្បីបង្កើនភាពប្រកួតប្រជែង។ យុទ្ធសាស្ដ្រទី១ គឺការប្ដូរទម្រង់ផ្សារ ដើម្បីផ្ដល់នូវបទពិសោធន៍ប្លែកថ្មីដល់អ្នកដើរផ្សារ ដែលជាចំណុចទាក់ទាញខ្លាំងបំផុត ជាជាងផលិតផលដែលកំពុងតែដាក់លក់។

ជាក់ស្ដែង ផ្សារទំនើបត្រូវតែជាកន្លែងជួបជុំដែលបង្កើតភាពសប្បាយរីករាយ និងជាកន្លែងធ្វើសកម្មភាពរួមគ្នា ពោលគឺមិនមែនត្រឹមតែជាកន្លែងទិញឥវ៉ាន់ តែមួយមុខនោះទេ ព្រោះអាកប្បកិរិយារបស់អ្នកទិញបានផ្លាស់ប្ដូរហើយ ដោយសារតែអាជីវកម្មលក់ទំនិញអនឡាញ ឬ e-commerce។

ប៉ុន្តែ សម្រាប់ម្ចាស់អាជីវកម្ម e-commerce មិនមែនជាឧបសគ្គទេ ព្រោះបើគាត់អាចច្នៃផ្សារទំនើបឱ្យទៅជាកន្លែងដែលផ្ដល់នៅភាពសប្បាយរីករាយបាន ពោលគឺលើសពីអ្វីដែល e-commerce ផ្ដល់ឱ្យ នោះចាត់ទុកថាជាការដើរផ្លូវត្រូវ។

តាមការអង្កេតកន្លងមក ម្ចាស់អាជីវកម្មជាច្រើននៅតែចង់ពង្រីកបណ្តាញហាងរបស់ខ្លួនបន្ថែមទៀតដែរ ដើម្បីបង្ហាញវត្តមានរបស់គេក្នុងទីផ្សារឱ្យកាន់តែច្រើន ។ ទីតាំងសក្ដានុពលដែលពួកគេសម្លឹងឃើញ គឺនៅតែជាទីតាំងកណ្តាលទីក្រុងភ្នំពេញ ទោះបីជាមានតម្លៃថ្លៃក្ដី ដែលពួកគេយល់ថានឹងទទួលបានអត្ថប្រយោជន៍ច្រើន។

យុទ្ធសាស្ដ្រពង្រីកទីផ្សារនេះ ចាត់ទុកថា ជាយុទ្ធសាស្ដ្រសំខាន់ទី ២។ ចំណុចសំខាន់ដែលត្រូវតែគិត គឺការពង្រីកទីផ្សារក្នុងពេលខាងមុខរយៈពេលខ្លី គឺត្រូវពឹងលើតម្រូវការក្នុងស្រុកស្ទើរទាំងស្រុង ដោយសាររលកថ្មីនៃជំងឺកូវីដ១៩ នៅតែបន្ដបង្អាក់ការចូលមកនៃការវិនិយោគរបស់អាជីវកម្មអន្តរជាតិ។

កត្តានេះ អាចធ្វើឱ្យល្បឿននៃការងើបឡើងវិញរបស់អាជីវកម្មផ្សារទំនើប យឺតជាងការរំពឹងទុក១ ឆ្នាំ។ ជាក់ស្ដែង ទោះមានការបើកប្រទេសឡើងវិញក្ដី មានផ្សារទំនើបតិចតួចណាស់ ដែលមានសកម្មភាពស្មើនឹងកម្រិតមុនកូវីដ។

ដូច្នេះ យុទ្ធសាស្ត្រពង្រីកអាជីវកម្មត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដោយផ្តោតសំខាន់លើទីតាំង ស្ថានភាពហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារជាដើម។

ទោះជាយ៉ាងណាក៏ដោយ អ្នកជួលតូបលក់ទំនិញក្នុងផ្សារនៅតែមានសុទិដ្ឋិនិយមក្រោយការបើកប្រទេស ព្រោះសកម្មភាពអាជីវកម្មនានាបានបើកជាបន្ដបន្ទាប់ហើយ ដែលជះឥទ្ធិពលលើតម្រូវការផងដែរ។

ដូច្នេះ អ្វីដែលអ្នកជួលតូបកំពុងត្រៀម គឺការចាប់យកឱកាសធ្វើកិច្ចសន្យាជួលដែលមានលក្ខខណ្ឌល្អឱ្យរួចរាល់នៅពេលនេះ ដើម្បីត្រៀមប្រមូលផលនៅពេលទីផ្សារមានសន្ទុះនាពេលអនាគត។ មានន័យថា អ្នកគួរតែចរចាឡើងវិញនូវលក្ខខណ្ឌជួលពេលនេះ ដើម្បីយកបាននូវទីតាំងល្អ ក្នុងតម្លៃជួលទាប ជាជាងចាំឱ្យទីផ្សារប្រសើរហើយ ទើបរកទីតាំងជួល។

ជាសរុប ម្ចាស់អាជីវកម្មផ្សារទំនើបខ្លះងាកទៅផ្ដោតលើទីផ្សារ e-commerce បន្ថែម ប៉ុន្តែអ្នកខ្លះទៀតនៅតែជឿជាក់លើហាងដែលមានទីតាំង ព្រោះជឿថាតម្រូវការដើរផ្សារគឺនៅតែមាន ព្រោះមនុស្សត្រូវការជួបជុំ។ ចំណែកអ្នកខ្លះទៀតយល់ឃើញថា ផ្សារទំនើបបែបធម្មតា និងការលក់អនឡាញ គឺការបំពេញឱ្យគ្នាទៅវិញទៅមក ដូច្នេះម្ចាស់អាជីវកម្មត្រូវតែគិតគូរពង្រីកយុទ្ធសាស្ដ្រទីផ្សារទាំង២ ផ្នែកនេះ។

លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]