អូស្ត្រាលី​កំពុង​ជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥​លាន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា

រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា​ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]