៥ ទៅ១០ ឆ្នាំទៀត សក្តានុពលអចលទ្រព្យភ្នំពេញនឹងបែរទៅទិសខាងកើត

សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថានឹងមានការពង្រីកទៅភាគខាងកើតនៃរាជធានីក្នុងរយៈពេល 5 ទៅ 10 ឆ្នាំខាងមុខនេះ បើតាមការលើកឡើងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ។

នៅក្នុងកិច្ចពិភាក្សាសំណេះសំណាលដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសកម្ពុជា នាថ្ងៃទី 1 ខែកុម្ភៈ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យបានជួបជុំគ្នានៅភោជនីយដ្ឋាន Topaz ដើម្បីពិភាក្សាលើប្រធានបទ “និន្នាការទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ” ។

ប្រធានបទនេះត្រូវបានធ្វើបទបង្ហាញដោយលោក សន សៀប ដែលជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា លោកបានចែករំលែកចំណេះដឹងទាក់ទងនឹងនិន្នាការ តួលេខចុងក្រោយ ការវិភាគ ព្រមទាំងការព្យាករណ៍អំពីសក្ដានុពលអចលនទ្រព្យនៅរាជធានីភ្នំពេញ ។

ក្រាភិចទិសដៅសក្តានុពលទីផ្សារអចលនទ្រព្យរាជធានីភ្នំពេញ ប្រភព: Key Real Estate

លោក សន សៀប បានមានប្រសាសន៍ថា “ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះយើងឃើញថាទីផ្សារអចលនវត្ថុបានពង្រីកពីក្រុងភ្នំពេញទៅភាគខាងលិច។ ចំណែកឯកាលពី 5 ឆ្នាំមុនយើងបានឃើញការរីកចំរើនទៅភាគខាងជើង សំរាប់ក្នុងពេលបច្ចុប្បន្ននេះនិន្នាការនេះកំពុងតែរីកទៅភាគខាងត្បូង”។

យោងតាមការវិភាគរបស់លោក សន សៀប ហេតុផលដែលការរីកចម្រើនអចលនទ្រព្យនៅមិនទាន់ទៅដល់ភាគខាងកើតគឺដោយសារតែពុំទាន់មានស្ពានភ្ជាប់ពីទីក្រុងទៅផ្នែកត្រោយម្ខាងទៀតនៃទន្លេ។

“ទោះជាយ៉ាងណាក៏ដោយ ភាគខាងកើតនៃរាជធានីភ្នំពេញគឺជាទីតាំងដ៏ល្អ។ យើងអាចមើលឃើញទេសភាពទាំងមូលនៃរាជធានីភ្នំពេញ វាជាទីតាំងល្អសម្រាប់ការសាងសង់ខុនដូនិងសណ្ឋាគារនាពេលអនាគត” លោក សន សៀប បានមានប្រសាសន៍។

“ខ្ញុំគិតថាក្នុងរយៈពេល 5 ទៅ 10 ឆ្នាំខាងមុខជាពិសេសនៅពេលដែលមានស្ពាន និន្នាការអចលនទ្រព្យនឹងបន្តឆ្ពោះទៅទិសខាងកើត តម្លៃដីក៏នឹងកើនឡើងខ្ពស់ ខ្ញុំរំពឹងថានឹងមានការរីកចំរើនដ៏ធំនៅទីនោះ”។

តម្លៃនៅរាជធានីភ្នំពេញឆ្នាំ2017​ ប្រភព: Key Real Estate

ទាក់ទងនឹងតម្លៃដីធ្លីបច្ចុប្បន្ននៅរាជធានីភ្នំពេញ តាមស្ថិតិធ្វើឡើងដោយលោកសន សៀប សម្រាប់ឆ្នាំ 2017 បង្ហាញអោយឃើញថាដូនពេញជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ បន្ទាប់មក ខណ្ឌ 7 មករាខណ្ឌចំការមន ខណ្ឌទួលគោក ខ័ណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ។

តម្លៃខ្ពស់បំផុតគឺរហូតដល់ 6000 ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មនិង 4000 ដុល្លារសម្រាប់ការប្រើប្រាស់សំរាប់លំនៅដ្ឋាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]