ក្រុមហ៊ុន Bentley ប្ដេជ្ញាជំរុញសំណង់បៃតងតាមរយៈកម្មវិធី Digital Twin
Bentley Systems កំពុងប្រើប្រាស់បច្ចេកវិទ្យា “Digital Twin” ដើម្បីធ្វើឱ្យប្រព័ន្ធទឹក និងថាមពលលើពិភពលោកកាន់តែមាននិរន្តរភាព។ តាមរយៈការបង្កើតគំរូនិម្មិតនៃហេដ្ឋារចនាសម្ព័ន្ធពិតៗ វិស្វករអាចសាកល្បង និងកែលម្អដំណើរការគម្រោងនានាមុនពេលសាងសង់ ដែលជួយសន្សំសំចៃថាមពល និងធនធានធម្មជាតិបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅពេលដែលតម្រូវការទឹកសកលមានការកើនឡើង Bentley បាននិងកំពុងបង្កើតគំរូធារាសាស្ត្រ និងដំណោះស្រាយ Digital Twin ដើម្បីការពារធនធានទឹកដែលមានកម្រិត។ បច្ចេកវិទ្យាទាំងនេះជួយឱ្យរដ្ឋបាលខេត្ត ឬក្រុងធ្វើការពិសោធន៍លើដំណើរការប្រព័ន្ធក្នុងពេលជាក់ស្តែង ដែលជួយកែលម្អប្រសិទ្ធភាពប្រតិបត្តិការបានយ៉ាងខ្លាំង។
ជោគជ័យដ៏លេចធ្លោរួមមានគម្រោងមួយនៅក្នុងប្រទេសហូឡង់ ដែលក្រុមហ៊ុនផ្គត់ផ្គង់ទឹកបានប្រើប្រាស់កម្មវិធីរបស់ Bentley ដើម្បីបង្កើនប្រសិទ្ធភាពម៉ូទ័របូមទឹក ជាលទ្ធផលគឺកាត់បន្ថយចំណាយថាមពលបាន 33% និងកាត់បន្ថយការបំភាយឧស្ម័នកាបូនបានយ៉ាងច្រើន។
ដូចគ្នានេះដែរ នៅក្នុងប្រទេសកូឡុំប៊ី ការប្រើប្រាស់កម្មវិធី OpenFlows Water បានជួយឱ្យក្រុមហ៊ុនទឹកក្នុងស្រុកអាចស្រង់យកទឹកមកវិញបានចំនួន 7,000 ម៉ែត្រគូបក្នុងមួយខែ តាមរយៈការកាត់បន្ថយការបាត់បង់ទឹកក្នុងប្រព័ន្ធ ដែលនេះសបញ្ជាក់ថាការគ្រប់គ្រងតាមបែបឌីជីថលគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពធន់នឹងគ្រោះរាំងស្ងួត។
Bentley Systems ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទៅរកបណ្តាញអគ្គិសនីដែលគ្មានការបំភាយឧស្ម័នកាបូន (carbon-neutral grid) ដោយផ្តល់នូវមូលដ្ឋានគ្រឹះវិស្វកម្មសម្រាប់គម្រោងថាមពលកកើតឡើងវិញដ៏ស្មុគស្មាញ។
កម្មវិធីរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់ដើម្បីរចនា និងគ្រប់គ្រងរោងចក្រថាមពលស្អាតជាច្រើនរួមមាន រោងចក្រថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងអ៊ីដ្រូសែនបៃតង។
នៅក្នុងប្រទេសចិន កសិដ្ឋានខ្យល់នៅសមុទ្រ Bozhong ដែលជាគម្រោងដំបូងបង្អស់របស់ប្រទេសដែលទទួលបាន “សមភាពតម្លៃអគ្គិសនី” (grid parity) ធៀបនឹងធ្យូងថ្ម បានប្រើប្រាស់បច្ចេកវិទ្យា Digital Twins របស់ Bentley ដើម្បីបង្កើនប្រសិទ្ធភាពគម្រោងបាន 30%។
ការបង្កើនប្រសិទ្ធភាពនេះមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមនៃការអភិវឌ្ឍន៍ ដោយកាត់បន្ថយតម្រូវការសម្ភារៈជាង 8,500 តោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកសិដ្ឋាននេះកាត់បន្ថយការបំភាយឧស្ម័ន CO2 បាន 1.25 លានតោនក្នុងមួយឆ្នាំផងដែរ។
ចំណុចស្នូលនៃយុទ្ធសាស្ត្រនិរន្តរភាពរបស់ Bentley គឺស្ថិតនៅលើការគ្រប់គ្រងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈការប្រើប្រាស់ Digital Twins ចាប់ពីដំណាក់កាលរចនាដំបូង រហូតដល់ប្រតិបត្តិការរយៈពេលវែង វិស្វករអាចកំណត់រកឱកាសដើម្បីកាត់បន្ថយការខ្ជះខ្ជាយសម្ភារៈ និងពង្រឹងភាពធន់នៃទ្រព្យសម្បត្តិទាំងនោះ។
វិធីសាស្ត្រដែលផ្អែកលើទិន្នន័យនេះ ជួយឱ្យមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ជាងមុន និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកល ដើម្បីធានាថាប្រព័ន្ធសំខាន់ៗនាពេលបច្ចុប្បន្នត្រូវបានរៀបចំរួចរាល់សម្រាប់ប្រឈមមុខនឹងបញ្ហាបរិស្ថាននាពេលអនាគត។
- Video Advertisement -