កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?
ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលអាមេរិកឱ្យងាកមកប្រើកម្មវិធី Power Line Systems (PLS) ប្រើពង្រឹងស្ថេរភាព ក៏ដូចជាពង្រីក និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីអាមេរិកឱ្យកាន់តែមានប្រសិទ្ធភាព ខណៈប្រព័ន្ធអគ្គិសនីរបស់ប្រទេសកំពុងជួបនឹងបញ្ហាភាពចាស់ និងការគំរាមកំហែងពីគ្រោះធម្មជាតិដូចជាព្យុះជាដើម។
ការសិក្សាថ្មីមួយបានបង្ហាញថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងនៃតម្រូវការអគ្គិសនី ខណៈមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់អគ្គិសនីកាន់តែទូលំទូលាយ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើបណ្តាញអគ្គិសនីរបស់ប្រទេស។
ការសិក្សាក៏បានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកអាចត្រូវការសមត្ថភាពផលិតអគ្គិសនីបន្ថែម ៣៥ ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ ២០៣០ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់មជ្ឈមណ្ឌលទិន្នន័យ AI តែមួយមុខ។
ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Bentley Systems បានណែនាំឱ្យប្រើកម្មវិធី Power Line Systems (PLS)។
លោក Nicholas Cumins នាយកប្រតិបត្តិរបស់ Bentley Systems បានឱ្យដឹងថា កម្មវិធី PLS ត្រូវបានប្រើប្រាស់ក្នុងការរចនាខ្សែបញ្ជូនអគ្គិសនីថ្មីស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ហើយកំពុងមានសារៈសំខាន់កាន់តែខ្លាំង ខណៈក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីបង្កើនការវិនិយោគលើការពង្រីក និងពង្រឹងបណ្តាញអគ្គិសនី។
បញ្ហាប្រឈមដ៏ធំមួយនៅសហរដ្ឋអាមេរិក មិនមែនជាការរចនាផ្នែកវិស្វកម្មទេ ប៉ុន្តែជា ដំណើរការទទួលបានការអនុញ្ញាត ដែលអាចធ្វើឱ្យគម្រោងខ្សែបញ្ជូនអគ្គិសនីពន្យារពេលជាច្រើនឆ្នាំ ឬរហូតដល់មួយទសវត្សរ៍។
ឧបករណ៍របស់ PLS អាចជួយឱ្យវិស្វករ និងអាជ្ញាធរវាយតម្លៃជម្រើសផ្លូវ ផលប៉ះពាល់បរិស្ថាន និងការចំណាយបានលឿនជាងមុន។ ការបង្ហាញជារូបភាពឌីជីថលក៏អាចជួយឱ្យសហគមន៍មើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធដែលបានស្នើឡើងនឹងមានរូបរាងដូចម្តេច ដើម្បីជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។
PLS ក៏កំពុងបញ្ចូល AI ទៅក្នុងកម្មវិធីវិស្វកម្មរបស់ខ្លួនតាមរយៈ Model Context Protocol (MCP) servers។ បច្ចេកវិទ្យានេះជួយឱ្យជំនួយការ AI ធ្វើអន្តរកម្មជាមួយកម្មវិធីវិស្វកម្ម និងទិន្នន័យវិស្វកម្ម តាមរយៈការបញ្ជាដោយប្រើភាសាសាមញ្ញៗធម្មតា។
លើសពីការរចនាហេដ្ឋារចនាសម្ព័ន្ធថ្មី បច្ចេកវិទ្យារបស់ PLS ក៏អាចជួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីត្រៀមទប់ទល់នឹងបញ្ហានឹងគ្រោះធម្មជាតិធំៗផងដែរ។
កម្មវិធីអាចបង្កើតគំរូខ្សែបញ្ជូនអគ្គិសនី និងសាកល្បងស្ថានភាពព្យុះ ដើម្បីកំណត់អត្តសញ្ញាណបង្គោល ឬសំណង់ដែលអាចរងការខូចខាត មុនពេលព្យុះកើតឡើង។ បច្ចេកវិទ្យា AI និងទិន្នន័យពីដ្រូនក៏កំពុងជួយឱ្យវិស្វករបង្កើតគំរូលម្អិតទាំងនេះក្នុងទំហំធំជាងមុន។
ខណៈតម្រូវការអគ្គិសនីកើនឡើង និងការវិនិយោគលើបណ្តាញអគ្គិសនីកាន់តែច្រើន Bentley ជឿជាក់ថា PLS នឹងមានតួនាទីកាន់តែសំខាន់ក្នុងការធ្វើទំនើបកម្ម និងពង្រឹងបណ្តាញអគ្គិសនី ដោយរួមបញ្ចូលគ្នានូវកម្មវិធីវិស្វកម្ម ការធ្វើគំរូឌីជីថល និងបច្ចេកវិទ្យា AI។
- Video Advertisement -