ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់
ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនាគតវិស័យសំណង់ពិភពលោកកំពុងផ្លាស់ប្ដូរទៅជាសំណង់បែបឌីជីថល ព្រមជាមួយនឹងនិន្នការថ្មីសំខាន់ៗ ២ រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការច្នៃយកគំនិតស្ថាបត្យកម្មបែបបុរាណមកប្រើឡើងវិញវិញ។
ក្នុងឆ្នាំនេះផងដែរ ព្រឹត្តិការណ៍ London Creates ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី 16 ដល់ 26 ខែកក្កដា បានប្រមូលផ្តុំស្ថាបត្យករ វិស្វករ អ្នកស្រាវជ្រាវ និងនិស្សិត ដើម្បីពិភាក្សាអំពីបញ្ហា ដំណោះស្រាយ និងនិន្នាការថ្មីៗទាក់ទងននឹងបច្ចេកវិទ្យាក្នុងវិស័យសំណង់។
ពិព័រណ៍នេះរៀបចំដោយ Archisource និងបើកឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ ក្នុងគោលបំណងជំរុញការច្នៃប្រឌិត និងកិច្ចសហការនៅក្នុងវិស័យរចនា។
ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះ គឺការបង្ហាញរបស់ Philippe Block សហស្ថាបនិកក្រុមហ៊ុនស្វីស Vaulted ដែលបានបង្ហាញពីរបៀបដែលរចនាសម្ព័ន្ធពិដានបែបវិហារហ្គោធិក (Gothic vaulted ceilings) បានក្លាយជាប្រភពបំផុសគំនិតសម្រាប់បច្ចេកវិទ្យាជាន់បេតុងជំនាន់ថ្មី។
អ្នកចូលរួម London Creates ធ្វើអន្តរកម្មជាមួយទេសភាពទីក្រុងភ្លោះឌីជីថលដ៏គួរឱ្យចាប់អារម្មណ៍។
តាមរយៈការប្រើប្រាស់វិធីសាស្ដ្រធរណីមាត្របុរាណរួមជាមួយការរចនាដោយកុំព្យូទ័រ ក្រុមហ៊ុន Vaulted អះអាងថា បច្ចេកវិទ្យារបស់ខ្លួនអាចកាត់បន្ថយការប្រើប្រាស់បេតុងបានរហូតដល់ 70% និងដែកបានរហូតដល់ 90% ដែលជួយកាត់បន្ថយការបញ្ចេញកាបូន និងធ្វើឱ្យសមាសធាតុសំណង់ប្រើឡើងវិញ និងកែច្នៃបាន។
កម្មវិធីឆ្នាំនេះ ក៏បានរៀបចំការតាំងបង្ហាញ AI អន្តរកម្ម កម្មវិធីបង្ហាញស្តាតអាប់ សិក្ខាសាលា និងវេទិកាពិភាក្សាពីក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ រួមមាន ZHA, Foster + Partners និង KPF ផដែរ។
ក្នុងអំឡុងពេល London Creates លោក Greg Demchak អនុប្រធានផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងជាប្រធាន Bentley Labs បានចែករំលែកពីរបៀបដែល AI កំពុងគាំទ្រដល់ការច្នៃប្រឌិត និងភាពច្នៃប្រឌិតក្នុងស្ថាបត្យកម្ម និងវិស្វកម្មសំណង់ស៊ីវិល។
វាគ្មិនមកពី Bentley Systems, Buro Happold និង KPF បានលើកឡើងថា AI កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យស្ថាបត្យកម្ម និងវិស្វកម្ម។ ពួកគេបានសង្កត់ធ្ងន់ថា AI មិនមែនជាការជំនួសអ្នកជំនាញនោះទេ ប៉ុន្តែជាឧបករណ៍ដែលអាចជួយសម្រួលការងារដែលធ្វើដដែលៗ បង្កើនប្រសិទ្ធភាពក្នុងការរចនា និងធ្វើឱ្យបច្ចេកវិទ្យាទំនើបអាចប្រើប្រាស់បានទូលំទូលាយ ខណៈការផ្ទៀងផ្ទាត់ និងធានាសុវត្ថិភាពនៅតែជាកាតព្វកិច្ចរបស់មនុស្ស។
ស្ថាបត្យករ Mariana Cabugueira ក៏បានចែករំលែកបទពិសោធន៍ថា AI បានជួយឱ្យក្រុមការងាររបស់នាង ដែលមានសមាជិកត្រឹមប្រាំមួយនាក់ អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗបាន ដោយបង្កើនល្បឿនការផលិតរូបភាព និងឯកសាររចនា ខណៈអ្នករចនាអាចផ្តោតលើការច្នៃប្រឌិតបានកាន់តែច្រើន។
នៅឯ London Creates by Archisource ស្ថាបត្យករ អ្នកសិក្សា និងអ្នកបច្ចេកវិទ្យាបានជួបជុំគ្នាដើម្បីចែករំលែកពីរបៀបដែលវិធីសាស្រ្តថ្មីៗក្នុងការរចនា សម្ភារៈ និងបញ្ញាសិប្បនិម្មិត (AI) កំពុងកំណត់រូបរាងអនាគតនៃបរិស្ថានដែលបានសាងសង់។
លើសពីណេះ និស្សិតដែលចូលរួមព្រឹត្តិការណ៍ក៏បានបង្ហាញទស្សនៈវិជ្ជមាន ដោយចាត់ទុក AI ជាជំនាញថ្មីមួយ ដែលស្ថាបត្យករត្រូវរៀនប្រើ ដូចជាឧបករណ៍ឌីជីថលផ្សេងៗដែលបានក្លាយជាផ្នែកមួយនៃការងារនាពេលបច្ចុប្បន្ន។
ព្រឹត្តិការណ៍នេះបានបញ្ចប់ជាមួយសារចម្បងមួយថា អនាគតនៃស្ថាបត្យកម្ម និងសំណង់ នឹងអាស្រ័យលើការរួមបញ្ចូលគ្នារវាងគោលការណ៍វិស្វកម្មបុរាណ និងបច្ចេកវិទ្យា AI សម័យទំនើប ដើម្បីជួយឱ្យការរចនា និងសាងសង់កាន់តែមានប្រសិទ្ធភាព ចីរភាព និងភាពច្នៃប្រឌិត។
- Video Advertisement -