កម្ពុជាជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរយៈការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានសេវាផ្លូវដែកធុនស្រាល

ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្វែងរកធាតុចូលនៅខេត្តសៀមរាប ដើម្បីកែសម្រួលប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តអាជីវកម្ម និងរៀបចំមគ្គទេសក៍ណែនាំប្រកបដោយបរិយាបន្ន ដល់អ្នកមានពិការភាពសម្រាប់ LRT សំដៅធានាសមធម៌ធ្វើដំណើរជូនប្រជាពលរដ្ឋគ្រប់រូប

ខេត្តសៀមរាប៖ ការកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយសមធម៌ និងបរិយាបន្ន បានប្រែជាអាទិភាពកាន់តែសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលារកធាតុចូលស្តីពី «ការកែសម្រួលប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការរចនាជាសកល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន នៅក្នុងសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវគោក និងផ្លូវដែក» នៅខេត្តសៀមរាប។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ប្រធានក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងតំណាងអង្គការមូលនិធិអាស៊ី និងអង្គការជនពិការកម្ពុជា សរុបចំនួន ៧០រូប។

អង្គសិក្ខាសាលាបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើសមាសភាគគន្លឹះចំនួនពីរ សំដៅធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាដឹកជញ្ជូននៅកម្ពុជា។ ផ្នែកទីមួយ៖ គឺការពិនិត្យសេចក្តីព្រាងប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើប្រកាសលេខ ០៣៨ សក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ឱ្យស្របតាមការរីកចម្រើនយ៉ាងរហ័សនៃវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន។ ផ្នែកទីពីរ៖ គឺការរៀបចំសេចក្តីព្រាងនីតិវិធីចងក្រងមគ្គទេសក៍ណែនាំស្តីពីបរិយាបន្នពិការភាព សម្រាប់ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងធុនស្រាល (LRT) ដោយផ្តោតលើការកំណត់រចនាសម្ព័ន្ធជាសកល និម្មិតសញ្ញាសម្គាល់សម្រួលដល់ជនមានពិការភាព និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា។

នៅក្នុងឱកាសនោះ ឯកឧត្ដម មាស ម៉ូនីកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីធានាថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើឱ្យមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ បន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ក្នុងការគាំទ្រ និងលើកកម្ពស់ការធ្វើដំណើររបស់ក្រុមគោលដៅងាយរងគ្រោះ ដូចជា ជនមានពិការភាព មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ ឱ្យទទួលបានសមធម៌ និងភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនចម្រុះទាំងតាមផ្លូវគោក និងផ្លូវដែកទូទាំងប្រទេស។

សូមជម្រាបជូនថា ការរៀបចំសិក្ខាសាលារកធាតុចូល និងការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តនៅខេត្តសៀមរាបនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលុបបំបាត់របាំងនៃការធ្វើដំណើរ និងការបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយបរិយាបន្ន។ ការបញ្ចូលបទដ្ឋានរចនាជាសកល (Universal Design) និងស្តង់ដារបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធផ្លូវគោក និងផ្លូវដែកស្រាល មិនត្រឹមតែលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះក្នុងការជំរុញសមធម៌សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ សហការជាមួយ EU4PFM រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដើម្បីពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ

លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និង […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយ […]

ក្រសួងរួមជាមួយដែគូអភិវឌ្ឍន៍បរទេស ជំរុញកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងព័ស្តុភារកម្មនៅកម្ពុជា

កិច្ចពិភាក្សាផ្តោតលើការសិក្សាផែនការយុទ្ធសាស្ត្រដឹកជញ្ជូ […]