ក្រសួងទស្សនកិច្ចរោងចក្រផលិតម៉ូទ័រគំរូបូមទឹកកខ្វក់នៅហុងគ្រី ដើម្បីលើកកម្ពស់គុណភាពបច្ចេកទេសគម្រោងចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យរោងចក្រ Grundfos និង Budapest Central Wastewater Treatment Plant ក្នុងគោលដៅពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបរិស្ថាននៅកម្ពុជា

ប្រទេសហុងគ្រី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តិកម្មទឹកកខ្វក់ប្រកបដោយស្តង់ដារអន្តរជាតិ បានក្លាយជាអាទិភាពយ៉ាងសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍក្រុងប្រកបដោយចីរភាព។ យោងដំណើរទស្សនកិច្ច កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ របស់ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុង Budapest ប្រទេសហុងគ្រី។ ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធាននាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងតំណាងក្រុមហ៊ុនទីប្រឹក្សា Dohwa-Seoyoung Joint Venture និងក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS។

នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ គណៈប្រតិភូកម្ពុជាបានចុះពិនិត្យដោយផ្ទាល់នៅរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ Budapest Central Wastewater Treatment Plant និងរោងចក្រ Grundfos Hungary Factory។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីសិក្សាស្រាវជ្រាវ និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មម៉ាស៊ីនបូមទឹកកខ្វក់ ដែលជាបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធបរិស្ថានដ៏ទំនើប និងមានសារៈសំខាន់បំផុតរបស់ប្រទេសហុងគ្រី ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងទន្លេ Danube។ ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើការពិនិត្យលើលក្ខណៈបច្ចេកទេសនៃស្ថានីយបូមមេ និងស្ថានីយបូមរង ដែលត្រូវយកមកអនុវត្តក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផងដែរ។

ការចុះសិក្សា និងពិនិត្យមើលបច្ចេកវិទ្យាដោយផ្ទាល់ដល់រោងចក្រផលិតនៅប្រទេសហុងគ្រី ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងបទដ្ឋានបច្ចេកទេសនៃឧបករណ៍គ្រឿងចក្រដែលត្រូវយកមកបំពាក់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងសាធារណការ ក្រុមហ៊ុនទីប្រឹក្សា និងក្រុមហ៊ុនសាងសង់ នឹងធានាថាការអនុវត្តគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដំណើរការទៅដោយរលូន ឆ្លើយតបទៅនឹងស្តង់ដារបច្ចេកទេសខ្ពស់ និងផ្តល់ផលប្រយោជន៍រយៈពេលវែងដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានៅទីក្រុង Budapest ប្រទេសហុងគ្រី គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការជំរុញគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ឱ្យសម្រេចបាននូវបទដ្ឋានបច្ចេកទេស និងគុណភាពខ្ពស់។ ការជ្រើសរើស និងពិនិត្យមើលបច្ចេកវិទ្យាម៉ូទ័របូមទឹកកខ្វក់ទំនើបដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ មិនត្រឹមតែជួយពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីប្រភពទឹក បង្កើនអនាម័យបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ យោងតាមវឌ្ឍនភាពការងារជាក់ស្តែង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងឆ្នាំទី២ សម្រេចបានវឌ្ឍនភាពការងារជារួមប្រមាណ ៣៨% ហើយ គិតត្រឹមដំណាច់ខែសីហា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ពានទី៧តាមដងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់សម្រេចបាន ៨៥% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]