ក្រសួងសាធារណការ និងអង្គការ BORDA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង DEWATS-QMS ដើម្បីពង្រឹងគុណភាព និងនិរន្តរភាពនៃការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

កិច្ចសហប្រតិបត្តិការបច្ចេកទេសរយៈពេល៣ឆ្នាំ ផ្តោតលើការរៀបចំគោលការណ៍ណែនាំបច្ចេកទេសជាតិ និងយន្តការគ្រប់គ្រងគុណភាពប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ និងអនាម័យបរិស្ថាន

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងអនាម័យបរិស្ថាននៅកម្ពុជាបានបង្ហាញនូវវឌ្ឍនភាពថ្មី តាមរយៈការបង្កើតស្តង់ដារបច្ចេកទេសជាតិ និងយន្តការគ្រប់គ្រងគុណភាពប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ។ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ BORDA ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេស ព្រមទាំងបើកសិក្ខាសាលាដំណើរការគម្រោងស្តីពី «គោលការណ៍ណែនាំបច្ចេកទេស និងយន្តការគ្រប់គ្រងគុណភាពប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS-QMS)» នៅរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអង្គការ ESC អង្គការ WASH-SDO ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូប។

គម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ នេះ ត្រូវបានរៀបចំឡើងដើម្បីរៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យក្លាយជាឯកសារយោងផ្លូវការថ្នាក់ជាតិ និងបង្កើតយន្តការគ្រប់គ្រងគុណភាព DEWATS-QMS សម្រាប់គ្រប់គ្រងគុណភាពនៅគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ នៅក្នុងក្របខ័ណ្ឌអនុវត្តគម្រោង ភាគីពាក់ព័ន្ធនឹងសិក្សា និងពិនិត្យឡើងវិញលើក្របខណ្ឌច្បាប់ គោលនយោបាយ បទប្បញ្ញត្តិ និងស្តង់ដារដែលមានស្រាប់ ព្រមទាំងកំណត់លក្ខណៈបច្ចេកទេសសម្រាប់ការធ្វើផែនការ ការជ្រើសរើសបច្ចេកវិទ្យា ការរចនា ការសាងសង់ ការប្រតិបត្តិការ និងការថែទាំ។ លើសពីនេះ គម្រោងក៏នឹងរៀបចំឧបករណ៍ និងនីតិវិធី DEWATS-QMS រៀបចំការពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការផ្តល់សុពលភាព និងការផ្សព្វផ្សាយសម្រាប់ការអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះ ឯកឧត្តម គួច ប៊ុនលាត បានគូសបញ្ជាក់ថា ការរៀបចំគោលការណ៍ណែនាំបច្ចេកទេសជាតិ និងយន្តការគ្រប់គ្រងគុណភាព DEWATS គឺជាតម្រូវការចាំបាច់ និងទាន់ពេលវេលាបំផុត ដើម្បីធានាឱ្យការរៀបចំផែនការ ការរចនា ការសាងសង់ ការដាក់ឱ្យដំណើរការ ព្រមទាំងការប្រតិបត្តិ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ មានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមបរិបទ និងការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការចាប់ផ្តើមគម្រោង DEWATS-QMS នេះ គឺជាការបង្ហាញពីឆន្ទៈរួម និងភាពជាដៃគូរយៈពេលវែងរវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអង្គការ BORDA ក្នុងការកសាងមូលដ្ឋានគ្រឹះបច្ចេកទេស និងស្ថាប័នឱ្យកាន់តែរឹងមាំ។ ការកសាងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការដែលមានស្តង់ដារ និងគុណភាពខ្ពស់ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាអនាម័យ ការពារបរិស្ថានធម្មជាតិ សុខភាពសាធារណៈ និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ សហការជាមួយ EU4PFM រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដើម្បីពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ

លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និង […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយ […]

ក្រសួងរួមជាមួយដែគូអភិវឌ្ឍន៍បរទេស ជំរុញកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងព័ស្តុភារកម្មនៅកម្ពុជា

កិច្ចពិភាក្សាផ្តោតលើការសិក្សាផែនការយុទ្ធសាស្ត្រដឹកជញ្ជូ […]

ទីលានទុកដាក់សំរាមនៅក្រុងក្រចេះ ស្តង់ដារថ្មី បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធផលតម្លៃជិត៥លានដុល្លារក្រោមហិរញ្ញប្បទាន ADB និងរាជ […]