ក្រោមជំនួយចិន៖ CMAC បានរំដោះផ្ទៃដីចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាមបានជិត ២ម៉ឺនហិកតា
តាមរយៈជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដោយគិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន ១៩.០០០ហិកតា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនា បានលើកពីកិច្ចប្រតិបត្តិការក្រោម “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលរដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជូនរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននិងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។ ឯកឧត្តម ក៏ប្រាប់បន្ថែមក្នុងការប្រើប្រាស់សម្ភារបច្ចេកទេសរបស់ចិនក្នុងការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាព CMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈជំនួបខាងលើ បានបង្ហាញថា ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៦ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួនជាង ៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុបចំនួន ៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង ៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង ១.៤៥៤.០០០នាក់៕ (អានបន្ថែម)
(

- Video Advertisement -