ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)
រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្រោមហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិ បានក្លាយជាអាទិភាពយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការជំរុញការតភ្ជាប់ប្រព័ន្ធឡូជីស្ទិក និងការបើកចំហរំហូរពាណិជ្ជកម្មឆ្លងដែននៅកម្ពុជា។ នារសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារជំនាញនៃអង្គភាពគ្រប់គ្រងគម្រោង (CRCI-PMU) ចូលរួមកិច្ចប្រជុំការងារបច្ចេកទេសផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយក្រុមការងារធនាគារពិភពលោក (World Bank)។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមដោយ លោក Sadig Aliyev អ្នកជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។
ជំនួបពិភាក្សាបច្ចេកទេសនេះ ផ្តោតសំខាន់លើការងារគន្លឹះចំនួនបី នៃ «គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នៅព្រះរាជាណាចក្រកម្ពុជា» (Cambodia Regional Connectivity Improvement Project – CRCI) រួមមាន ការងារលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តក្របខណ្ឌការពារផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន។ អង្គប្រជុំបានវាយតម្លៃយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក ពិនិត្យមើលផែនការសកម្មភាពអនុវត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាចោទផ្សេងៗ ដើម្បីលើកទិសដៅការងារបន្ត សំដៅពន្លឿនការអនុវត្តគម្រោងឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយកគម្រោង បានអរគុណនិងស្វាគមយ៉ាងកក់ក្តៅដល់ក្រុមការងារធនាគារពិភពលោក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ជំនួយបច្ចេកទេសយ៉ាងជិតស្និទ្ធ និងបានចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចសហការយ៉ាងសកម្មនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តគម្រោង CRCI សម្រេចបាននូវលទ្ធផលគួឱ្យកត់សម្គាល់ និងស្របតាមទិសដៅដែលបានកំណត់។
សូមជម្រាបជូនថា កិច្ចប្រជុំបច្ចេកទេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារពិភពលោក លើគម្រោង CRCI គឺជាសក្ខីភាពនៃការគ្រប់គ្រងហិរញ្ញប្បទានអភិវឌ្ឍន៍ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ការពង្រឹងការងារលទ្ធកម្ម ហិរញ្ញវត្ថុ និងការការពារសង្គម-បរិស្ថាន មិនត្រឹមតែជួយឱ្យគម្រោងសាងសង់រត់ទៅមុខដោយរលូន និងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងបណ្តាញដឹកជញ្ជូនជាតិប្រកបដោយចីរភាព និងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់។ (អានបន្ថែម)
- Video Advertisement -