កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន
កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពប្រសើរឡើង និងទាក់ទាញការវិនិយោគពីបរទេស តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋ និងឯកជន
កម្ពុជារួមនឹងបណ្តារប្រទេសចំនួន៥ទៀត នៅក្នុងតំបន់ កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» សំដៅរួមគ្នាឈានទៅជំរុញការធ្វើទំនើបកម្មវិស័យភស្តុភារកម្មក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរថែមទៀត។
សន្និសីទនេះ មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់សមភាគីក្នុងតំបន់រួមមាន៖ កម្ពុជា EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងព័ស្តុភារកម្ម ព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ ១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានតាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS Policy Paper)។ ២. រំលេចនូវភាពជោគជ័យនៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។ ៣. បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។ និង ៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជា «មជ្ឈមណ្ឌលភស្តុភារកម្ម និងពាណិជ្ជកម្ម» ប្រកបដោយសក្តានុពលក្នុងតំបន់។
ភាគីពាក់ព័ន្ធ រំពឹងថា តាមរយៈសន្និសីទនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងតំបន់អាស៊ានឱ្យកាន់តែរីកចម្រើន និងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕

- Video Advertisement -