ការពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច៖ កម្ពុជា និងកាណាដាឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈសំខាន់ៗចំនួនពីរ

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា Mark Joseph Carney នៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រ ពាណិជ្ជកម្ម និងសន្តិសុខសកល

រាជធានីភ្នំពេញ៖ ទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា បានបោះជំហានទៅមុខយ៉ាងរឹងមាំ និងស៊ីជម្រៅមួយកម្រិតទៀត តាមរយៈជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបកម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកាណាដាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ សម្ដេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានអបអរសាទរប្រទេសកាណាដា ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនេះនឹងប្រែក្លាយការប្ដេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្ដែង ដោយបានរំឭកឡើងវិញនូវគុណបំណាច់របស់កាណាដាក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការកសាងមូលធនមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ ការកសាងសមត្ថភាពលើវិស័យការពារជាតិ និងបោសសម្អាតមីន។ ជាការឆ្លើយតប ឯកឧត្តម Mark Joseph Carney បានសម្ដែងនូវការកោតសរសើរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានអះអាងពីការបន្តគាំទ្រ និងពង្រីកទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងទូលំទូលាយ ដើម្បីជំរុញសន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសសាយប័រ ដើម្បីរួមគ្នាកសាងសន្ដិសុខក្នុងតំបន់ និងសកលលោក ព្រមទាំងបានបញ្ជាក់ជាថ្មីពីការលើកកម្ពស់យន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ គឺអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា និងអនុស្សរណៈស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានប្រកាសពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួនពីរទៀត រួមមានកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគបរទេស និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា និងការសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពនៃភាពជោគជ័យផ្នែកការទូត និងសេដ្ឋកិច្ចអន្តរជាតិ។ ការពង្រីកវិសាលភាពនៃភាពជាដៃគូលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យាទំនើប និងសន្តិសុខសាយប័រ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងពង្រឹងស្ថិរភាពប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]

ក្រសួងសាធារណការពិភាក្សាលើវឌ្ឍនភាពគម្រោង «ខេមបូឌា ស៊ូភើផត» ជាមួយក្រុមហ៊ុន YCH Group លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ជំហានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ […]

ក្នុងខែតុលា កម្ពុជាចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៣៧ ក្នុងតម្លៃទុន ២៤៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍អំពីកំណើនដ៏ខ្លា […]

រដ្ឋកំពុងស្វែងរកដំណោះស្រាយ ខណៈមានពលរដ្ឋតាំងទីលំនៅមិនរៀបរយនៅខេត្តសៀមរាបជិត២ពាន់ គ្រួសារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រស […]