កិច្ចការសង្គម និងការចូលរួម
Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម
ក្រុមហ៊ុន Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]
អានបន្ថែមកម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល
កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកាន់តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]
អានបន្ថែមអាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង
អាជ្ញាធរក្រុងហូជីមិញ បានសម្រេចធ្វើការផាកពិន័យអ្នកលេងបណ្តាញសង្គមតិកតុក (TikTok) ម្នាក់ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញ (Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥ លានដុង (៣០៦ ដុល្លារ) ពីបទបង្ខូចកិត្តិយសប្រទេសកម្ពុជា និងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាថា ជារបស់ប្រទេសថៃ។ នេះបើយោងតាមការរាយការណ៍របស់សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យដែលអាជ្ញាធរវៀតណាមបានប្រកាសកាលពីថ្ងៃពុធ ក៏បានព្រមានផងដែរ កុំឱ្យតារាតិកតុករូបនេះបង្កើតបញ្ហាដដែលៗទៀត ហើយត្រូវគោរពតាមច្បាប់វៀតណាម ស្ដីពីការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមផ្សេងៗទៀតដែលពេញនិយម ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌។ គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលទើបកន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញនេះ បានបង្ហោះវីដេអូមួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិងកាន់ដំបង ១ ដើរជុំវិញប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” នៅលើគណនីតិកតុករបស់ខ្លួន ដែលមានអ្នកតាមដានជាង […]
អានបន្ថែមកម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមមជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ
មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Cherdidat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ភាគីថៃក៏បានទទួលយកសំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារក្នុងមជ្ឍមណ្ឌលនេះផងដែរ។ ការបណ្ដុះបណ្ដាល នឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះតែម្តង ដោយប្រើរយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។
អានបន្ថែមរដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋសូមកុំលក់ដីសម្បទានសង្គមកិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅឃុំក្បាលដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅពិនិត្យទីតាំងបែងចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំលក់ដូរដីដែលបានមកពីការខិតខំរបស់បងប្អូនឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយអ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួនប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀតគ្មានទាំងដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]
អានបន្ថែមក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូលនិធិសេវាសកល។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ និងក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។
អានបន្ថែមពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិត្រពាំងថ្ម ទទួលបានអាងស្តុកទឹកស្អាតចំណុះ១ម៉ឺនលីត្រជាលើកដំបូង
«អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១ម៉ឺនលីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង និងស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី។ នេះយោងតាមអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ កាលពីពេលថ្មីៗនេះ ។ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលអ្នកភូមិត្រពាំងថ្មទាំង ២៤៥គ្រួសារ ទទួលបានដំណោះស្រាយយូរអង្វែង និងអាចឈានទៅបញ្ចប់បញ្ហាប្រឈមជាប្រចាំថ្ងៃរបស់ពួកគាត់កន្លងមក។ លោកបញ្ជាក់ដូច្នេះថា «រយៈកាល២ឆ្នាំចុងក្រោយនេះ លោកបានដឹកនាំក្រុមការងារចុះមកភូមិត្រពាំងថ្មមិនតិចជាង១០ដងឡើយ ក្នុងនោះអណ្តូងស្នប់ជ្រៅមិនក្រោម២០គ្រឿងទេ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានកៀរគរយកមកជួយពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងតែមួយគត់គឺដោះស្រាយភាពដុនដាបខ្លាំងខាងផ្នែកជីវភាពសម្រាប់អ្នកភូមិទាំង២៤៥គ្រួសារ ដែលបណ្តាលមកពីការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ»។ គួរបញ្ជាក់ថា «អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ ១០០០០លីត្រនេះ គឺទទួលបានថវិការសាងសង់ពីសមាគម Jesus Christ of Latter-day Saints ដែលបានចំណាយថវិកាអស់ជាច្រើនម៉ឺនដុល្លារដើម្បីជួយដោះស្រាយការលំបាក របស់អ្នកភូមិត្រពាំងថ្ម និងមួយផ្នែកទៀត គឺទទួលបានការអនុញ្ញាតពីចៅអធិការវត្តព្រៃជាំ ដែលបានបរិច្ចាគផ្តល់ទីតាំងនៅក្នុងបរិវេណវត្ត សម្រាប់ការសាងសង់អណ្តូងសហគមន៍ដ៏មានសារៈសំខាន់មួយនេះផងដែរ៕
អានបន្ថែមសៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប
អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។ ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេះតទៅ រដ្ឋបាលខេត្តនឹងផាកពិន័យ ចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលផ្តេសផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ និងខុសគោលដៅប្រមូលផ្តុំទុកសំរាម។ «ដើម្បីធានាការគ្រប់គ្រង អាជ្ញាធរខេត្តនឹងប្រើសេវាកម្មក្រុមហ៊ុន ៣ ដើម្បីប្រមូលនិងទុកដាក់សំរាម រួមមាន៖ ក្រុមហ៊ុនវីហ្គ្រីន ក្រុមហ៊ុហ្គាអ៊ែរ និងក្រុមហ៊ុនអាកហ្សិនហ្គ្រីន» លោកបានបន្ដ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ក៏បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដើម្បីសិក្សានិងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត លើផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសស្តងដារត្រឹមត្រូវ។ ដោយសារតែកិច្ចខិតខំទាំងនេះហើយ ទើបធ្វើឱ្យក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣។ (អានបន្ថែម)
អានបន្ថែមKOICA ផ្តល់ជំនួយឥតសំណងប្រមាណ ៣១៦លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ
ក្នុងរយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩១ ដល់២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណ ៣១៦លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះជាការលើកឡើងរបស់ លោក Hyunjun RHO ប្រធានតំណាង KOICA ប្រចំាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំតាមអនឡាញជាមួយនឹង ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក Hyunjun RHO មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១-២០២១ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ ១) វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២) វិស័យអប់រំ ៣) វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ៤) វិស័យដឹកជញ្ជូន។ លោកបន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជា មានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។
អានបន្ថែម