ក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លាន ហិកតា, ៤១% នៃផ្ទៃដីទូទាំងប្រទេស
ប្រទេសកម្ពុជាពេលនេះ មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣ តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសពត៌មាន របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។
កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។
តំបន់ការពារធម្មជាតិ
គិតត្រឹមឆ្នាំ ២០២០ នេះ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លានហិកតា ។ តំបន់ការពារធម្មជាតិ គឺជាតំបន់ដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ មានតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីសរុបចំនួន ៦៨៩ ២៩៧ ហិកតា ចែកចេញជាងចំនួន ០៦ តំបន់គឺ តំបន់ពហុបំណងបឹងទន្លេសាប ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ។
ចំណែកខេត្តកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០ កន្លែងនៅលើផ្ទៃដីសរុបជាង ១ លានហិកតា ដែលក្នុងនោះរួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារកោះការពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។
សហគមន៍តំបន់ការពារធម្មជាតិ
ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ យើងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេស គ្រប ដណ្តប់ លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា។ សហគមន៍តំបន់ការពារធម្មជាតិទាំងនោះ បានដើរតួជាខ្សែក្រវ៉ាត់ការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការប្រើប្រាស់ផលអនុផលព្រៃឈើ និងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាធ្វើកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វ និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម។
តំបន់ដែនជម្រកសត្វព្រៃ
ថ្មីៗនេះ ក្រសួងបរិស្ថានបានសម្រេចចុះការចុះបញ្ជីដីរដ្ឋបាន ជាង ៥០.០០០ ហិកតា នៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ នេះជាការចុះបញ្ជីដីរដ្ឋលើកដំបូងបង្អស់ ក្នុងចំណោមតំបន់ការពារធម្មជាតិដទៃទៀត។ (អានបន្ថែម)
តាំងពីឆ្នាំ១៩៩៣ មក ក្រសួងបរិស្ថានបានបង្កើតដែនជម្រកសត្វព្រៃនៅតំបន់ផ្សេងៗ ជាច្រើនទៀតដូចជា៖ ដែនជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃសៀមប៉ាង ជាដើម។
តំបន់រ៉ាមសារ
រាជរដ្ឋាភិបាលកម្ពុជា មានតំបន់ដីសើមបួនកន្លែង ដែលជាតំបន់រ៉ាមសារដែលមានផ្ទៃក្រឡាសរុប ៧៥ ៩៤២ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ី ៣ ផ្សេងៗគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ។ ក្នុងឆ្នាំ ២០១៨ តំបន់ស្នូលស្ទឹងសែន ដែលមានទំហំ ៩ ២៩៣ ហិកតា នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលមានភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះ ត្រូវបានបង្កើតជាតំបន់រ៉ាមសារទីប្រាំរបស់កម្ពុជា។
តំបន់បេតិកភណ្ឌធម្មជាតិ
ក្រោយពីទើបតែបានចុះបញ្ជីតំបន់បេតិកភណ្ឌធម្មជាតិភ្នំ ចំនួន ៣ នៅខេត្តបាត់ដំបង និងចំនួន ៩ នៅខេត្តបន្ទាយមានជ័យ កាលពីខែឧសភាកន្លងទៅនេះ រដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង នៅលើផ្ទៃដីសរុបជិត ៣ ម៉ឺនហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួនបន្តទៀត។ (អានបន្ថែម)
លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (ក.ជ.អ.ច.) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកំណែទម្រង់ស៊ី ជម្រៅលើវិស័យបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិដែលមានផ្ទៃដីសរុបចំនួន៤១% នៃផ្ទៃដីប្រទេស ដែលសម្រេចលើសពីការកំណត់នៅក្នុងគោលដៅជីវៈចម្រុះ (Aichi Target)ទី១១ ដែលកំណត់ឱ្យបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិត្រឹមតែ ១៧% ក្នុងឆ្នាំ២០២០។
បើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ ក្រសួងបរិស្ថានកំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់តំបន់ «បឹងយក្ខអោម-យក្សរ៉ា» ជាតំបន់ការពារធម្មជាតិផងដែរ៕
- Video Advertisement -