ការពង្រីកខ្សែកាបក្រោមសមុទ្ររបស់ចិន ជំរុញផលិតកម្មក្នុងស្រុក ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតខ្សែកាបក្រោមសមុទ្ររបស់ចិន កំពុងរីកចម្រើនខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការរឹតបន្តឹងពាណិជ្ជកម្មពីដៃគូប្រជែងធំគឺសហរដ្ឋអាមេរិកក៏ដោយ ខណៈទីក្រុងប៉េកាំងកំពុងប្រឹងជំរុញចរន្តនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅការសម្រេចឱ្យបាននូវអ្វីដែលគេហៅថា “ភាពគ្រប់គ្រាន់ដោយខ្លួនឯង = Self Sufficiency” ជាពិសេស គឺការផ្តោតអាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដែលកំពុងក្លាយជាប្រធានបទស្នូលលើវិស័យភូមិសាស្ត្រសេដ្ឋកិច្ច។

ក្រុមហ៊ុន FiberHome International Technologies ដែលជាក្រុមហ៊ុនមួយជាប់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បានរាយការណ៍ថា សកម្មភាពអាជីវកម្មរបស់ខ្លួន មានការកើនឡើងដោយសារតែការជំរុញរបស់ប្រទេសចិនឱ្យមានផលិតកម្មក្នុងស្រុកច្រើនជាងមុន។

“យើងមិនត្រូវការបច្ចេកវិទ្យាបរទេសទៀតទេ” នេះ ជាសម្រង់សម្តីរបស់លោកនាយកប្រតិបត្តិក្រុមហ៊ុន FiberHome ដែលបានផ្តល់បទសម្ភាសន៍ជូនសារៈព័ត៌មាន AsiaNikkei កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមមុខនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកដែលកំពុងគ្របដណ្តប់លើបណ្តាញខ្សែកាបក្រោមសមុទ្រទូទាំងពិភពលោក ដែលមានចម្ងាយសរុបប្រមាណ ១,៤ លានគីឡូម៉ែត្រ និងផ្ទុកទិន្នន័យជាង ៩៥% នៃពិភពលោក។

ក្នុងចំណោមនេះ ក្រុមហ៊ុនចិន ត្រូវបានគេរំពឹងថា នឹងរួមចំណែក ៤៥% នៃការដំឡើងខ្សែកាបថ្មីពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នេះបើយោងតាមការប៉ាន់ស្មានក្នុងវិស័យនេះ។

បើមើលទៅក្រោមបាតសមុទ្រ តំបន់អាស៊ីប៉ាស៊ីហ្វិកនាំមុខគេក្នុងការវិនិយោគខ្សែកាបក្រោមបាតសមុទ្រ ដោយប្រទេសចិនជាអ្នកដឹកនាំគម្រោងជាច្រើនដែលតភ្ជាប់ខ្សែកាបទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។ យុទ្ធសស្ត្រនេះ ស្របទៅនឹងគំនិតផ្តួចផ្តើម “ផ្លូវសូត្រឌីជីថល” របស់ប្រធានាធិបតី Xi Jinping ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាយក្សចិនដែលគេស្គាល់ជាទូទៅនោះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងភូមិសាស្ត្រនយោបាយ បាននាំឱ្យមានការពន្យារពេលគម្រោង និងការកើនឡើងនៃថ្លៃចំណាយលើការសាងសង់ខ្សែកាប។ ខ្សែកាបមួយចំនួនកំពុងត្រូវបានប្តូរទិសដៅ ដើម្បីជៀសវាងតំបន់ដែលមានជម្លោះ ដូចជាតំបន់សមុទ្រចិនខាងត្បូង ហើយបានបង្កើនជាខ្សែបណ្តាញស្រប តាមការបែងចែកបន្ទាត់ភូមិសាស្ត្រនយោបាយ។ ការជំរុញយុទ្ធសាស្ត្រនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏រឹងមាំរបស់ខ្លួន និងពង្រីកទៅក្នុងតំបន់។

កំណើនអាជីវកម្មរបស់ក្រុមហ៊ុន FiberHome ចំពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិច បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាសកលលោក ដែលមានន័យថា ការពឹងផ្អែកលើខ្លួនឯងលែងពឹងអ្នកដទៃ និងភាពជាដៃគូក្នុងតំបន់ កំពុងក្លាយជាកត្តាសំខាន់សម្រាប់ចរន្តនយោបាយថ្មី។

លើសពីនេះ អ្វីដែលរឹតតែសំខាន់សម្រាប់ពិភពលោកនោះ គឺថានៅពេលដែលប្រទេសចិន បន្តពង្រីកគម្រោងខ្សែកាបក្រោមសមុទ្ររបស់ខ្លួន នោះមានន័យថា ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងពិភពលោក កំពុងត្រូវបានកំណត់ឡើងវិញ និងកំពុងវិវឌ្ឍទៅរកការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅមួយ ជាមួយនឹងផ្លូវថ្មី និងបណ្តាញថ្មី ដែលបង្ហាញពីអនាគតថ្មីនៃការបញ្ជូននិងគ្រប់គ្រងទិន្នន័យពិភពលោក។

ការអភិវឌ្ឍនេះ មិនត្រឹមតែបង្កើនសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពិតជាធ្វើឱ្យចិនក្លាយជាតួអង្គមហាអំណាចដ៏មានឥទ្ធិពលនៅក្នុងឆាកទំនាក់ទំនងអន្តរជាតិ ការប្រកួតប្រជែងរចនាសម្ព័ន្ធថាមពលប្រពៃណី និងត្រួសត្រាយផ្លូវសម្រាប់បណ្តាញតភ្ជាប់ឌីជីថលសកលដែលកំពុងប្រែមុខមាត់ថ្មី។ តាមនិន្នាការនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច ប្រាកដជានឹងតាមដានយ៉ាងដិតដល់ពីរបៀបដែលការផ្លាស់ប្តូរទាំងនេះ ប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចពិភពលោកនៅរវាងតែប៉ុន្មានឆ្នាំខាងមុខទៀតនេះប៉ុណ្ណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]