រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ
រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈសន្ទរកថាខ្លី លោក ចេន ចុងហួយ ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ការអនុវត្តគម្រោងស្នូលមួយនេះ នឹងជួយឱ្យកម្ពុជាអាចសម្រេចបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងស្រុក នូវឧស្ម័នស្នូលសំខាន់ៗ រួមមាន៖ អុកស៊ីសែនរាវ អាសូតរាវ និងអាហ្គុងរាវ ដែលជា «សរសៃឈាម» នៃឧស្សាហកម្មទំនើប និងជួយកាត់បន្ថយការនាំចូលពីបរទេស។
លោកបន្តថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លារអាមេរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងគេបង្អស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិជិនឆឹង ខេត្តកំពង់ស្ពឺ។ ថវិកាវិនិយោគទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ការទិញដី សាងសង់រោងចក្រ ព្រមទាំងបំពាក់ឧបករណ៍បច្ចេកវិទ្យាផលិតដ៏ទំនើប និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ (Automatic Control System)។
ជាមួយគ្នានេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តមថា វត្តមានរបស់រោងចក្រផលិតឧស្ម័នឧស្សាហកម្មខ្នាតធំដំបូងគេបង្អស់នេះ មិនត្រឹមតែជួយបំពេញចន្លោះខ្វះខាតនៃការផ្គត់ផ្គង់ឧស្ម័នរាវក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញរោងចក្រ ឧស្សាហកម្មធុនធ្ងន់ និងទំនើបៗដទៃទៀត ឱ្យចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺកាន់តែច្រើនឡើង។
សូមជម្រាបដែរថា មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ក្រុមហ៊ុនបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់លើគម្រោងនេះអស់រយៈពេល ៥ខែ ពោលគឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។ ក្រុមហ៊ុននេះ លើកឡើងថា គម្រោងនេះ នឹងជួយរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន បង្កើនចំណូលពន្ធរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕ (អានបន្ថែម)

- Video Advertisement -