កូរ៉េគ្រោងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រូនិចរថយន្តរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត

​ក្រុមហ៊ុនយូរ៉ាហានេស (ខេមបូឌា) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត។ នេះបើតាមជំនួបរវាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុននេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគប្រមាណជាង ១៥លានដុល្លាសហរដ្ឋអាមេរិក បង្កើតរោងចក្រខ្សែបង្គុំអេឡិចត្រនិ​​ចរថយន្ត នៅខេត្តកំពង់ស្ពឺ ដែលបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ ក្នុងនោះមាន ៧នាក់ជាជនបរទេស។

រោងចក្រនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដែលស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ (អានបន្ថែម)

ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងក្រុមហ៊ុន បានជម្រាបឱ្យនូវផែនការពង្រីករោងចក្រខ្សែបង្គុំ​អេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់ប្រជាពល​រដ្ឋ និងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។

បើតាមឯកឧត្តមបណ្ឌិត បានបញ្ជាក់ឱ្យដឹងថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ បានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណ១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់កំពុងធ្វើការ។ (អានបន្ថែម)

ដោយឡែក ឯកឧត្តមបណ្ឌិតក៏បានរំលឹកដែរថា នៅក្នុងងឆ្នាំ១៩៩៣ កម្ពុជា មានរោងចក្រសហគ្រាសត្រឹមតែ ៥១សហគ្រាសប៉ុណ្ណោះ តែបើគិតមកដល់ត្រឹមខែកញ្ញាឆ្នាំ២០២៤ ប្រទេសកម្ពុជា មានរោងចក្រសហគ្រាសប្រមាណ១៩៩៧រោងចក្រសហគ្រាស ដែលបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានជាង ១លាននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]