ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។

ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។

សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]