ក្រុមហ៊ុនផ្លូវដែកចិនចាប់ផ្តើមសិក្សាការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រូបភាពដោយ ក្រសួងសាធារណការ​ និងដឹងជញ្ជូន

ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានចាប់ផ្តើមការសិក្សារបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។នេះបើយោងតាមព័ត៌មាននៅលើទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងជំនួបជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៩នេះ លោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ ផ្លូវដែកចិន បានលើកឡើងថា គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិនមានវត្តមាននៅកម្ពុជាពេលនេះ គឺដើម្បីសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត)។

លោក Wang Wenzhong បន្ថែមថា ក្រុមការងារជំនាញក៏នឹង សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ផងដែរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ឯកឧត្តម វ៉ាស៊ឹម សុរិយា មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា លទ្ធផលសិក្សា គឺខាងក្រុមហ៊ុននឹងធ្វើការរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី៩នេះ ឯកឧត្តម សុរិយា ថ្លែងថា៖ «នេះគ្រាន់តែជាការសិក្សាសិន ទាល់តែបញ្ចប់ការសិក្សា បានយើងដឹងថាជម្រើសមួយណាល្អ ហើយ លទ្ធផលយ៉ាងណាគឺអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ថាជ្រើសរើសយកជម្រើសមួយណា»។

សូមបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន និងក្រុមហ៊ុនអភិវឌ្ឍផ្លូវដែកក្នុងស្រុក Royal Railway បានសម្រេចចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ឲ្យប្រសើរឡើង និងជឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ដំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី២៨ ខែមេសា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Royal Railway និងក្រុមហ៊ុន CRCC ឯកឧត្តម សុរិយា ថាឯកឧត្តម មិនមានព័ត៌មានជាក់លាក់ណាមួយដើម្បីជម្រាប។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យក្រុមហ៊ុន CRCC សិក្សាផ្លូវដែកបន្តពីក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ ដោយហេតុថា មានទេសចរណ៍យ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត។

សូមជម្រាបជូនថា៖ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និង វិស្វកម្មធំបំផុតទីពីរ នៅលើពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]