ក្រុមហ៊ុនហុងដាគ្រោងពង្រីកទុននៅកម្ពុជាបន្ថែមទៀត ខណៈកំពុងដំណើរការអាជីវកម្មនៅទីនេះជាង ២៥ឆ្នាំ

​ក្រុមហ៊ុន HONDA MOTOR CO., LTD. មានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ដែលកំពុងដំណើរការអាជីវកម្មនៅទីនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។

នេះបើតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។

លើសពីនេះ លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនអំពីផែនការពង្រីកទុនវិនិយោគ​ និងអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត​នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុផងដែរ។

គួររំលឹកថា ថ្មីៗនេះ ​ក្រុមហ៊ុនកូរ៉េ Camko Motor និង Camko Infracore បានបង្ហាញពីផែនការចង់ចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ ខណៈរថយន្តអគ្គិសនីឥឡូវ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់នៅទូទាំងពិភពលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]