ក្រុមហ៊ុនឯកទេសដាំដំឡូងនិងស្វាយចន្ទី ចង់បង្កើនដើមទុនបង្កើតរោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនដែលមានឯកទេសលើការដាំដុះដំឡូងមី និងស្វាយចន្ទី​ របស់ចិន មានទីតាំងនៅកម្ពុជា បានប្រកាសពីផែនការបង្កើនដើមទុនរបស់ខ្លួនលើដំណាំដំឡូងមី និងដំណាំស្វាយចន្ទី ពិសេសចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។

នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Wu Yu Jie ប្រធានក្រុមហ៊ុននារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ លោក Wu បានចែករំលែកនូវព័ត៌មានលម្អិតអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយផ្តោតជាចម្បងលើវិស័យកសិកម្ម ជាពិសេសដំណាំដំឡូងមី និងស្វាយចន្ទី។ លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកការវិនិយោគលើវិស័យទាំងនេះ ហើយជាពិសេសមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាថែមទៀតផង។

ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់អាទិភាព និងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត។

គួរបញ្ជាក់ថា ការអភិវឌ្ឍន៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងការបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់ការកែច្នៃ និងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចេញទៅទីផ្សារអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]