ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។

លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។

យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។

លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។

ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។

រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។

លោកស្រី Manaporn បានចង្អុលបង្ហាញទៀតថា ទោះបីប្រទេសថៃក្លាយជាគោលដៅកំពូលរបស់ពិភពលោកក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ និងឈ្នះពានរង្វាន់ “ទិសដៅនៃឆ្នាំ ២០២៥” ហើយក៏ដោយ ក៏ប្រទេសថៃនៅមិនទាន់បានប្រើប្រាស់អស់លទ្ធភាពនៃសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍នៅឡើយទេ។

យោងតាមស្ថិតិ ប្រទេសថៃមានកប៉ាល់ទេសចរណ៍ប្រណីតបំផុតលំដាប់ទី ៣ ចូលចតក្នុងតំបន់ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ១៤ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅខ្វះចំណតនាវាទេសចរណ៍ ដែលនេះជាភាពរអាក់រអួលសម្រាប់អ្នកទេសចរផងដែរ។

លោក​ស្រី​បន្ត​ថា​៖ «​ជា​លទ្ធផល យើង​ត្រូវ​ការ​សាងសង់​ចំណត​នាវា​ទេសចរណ៍​ថ្មី​មួយ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​ក្លាយ​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នា​ពេល​អនាគត»។

គម្រោងស្ពានដីនៅខេត្ត Chumphon និង Ranong ក៏តំណាងឱ្យវិធីសាស្រ្តច្នៃប្រឌិតពិសេសៗ តាមរយៈការតភ្ជាប់បណ្តាញផ្លូវដែក ដែលគម្រោងនេះមានគោលបំណងកាត់បន្ថយថ្លៃដឹកជញ្ជូនពី ១៥ ទៅ ២០% និងកាត់បន្ថយរយៈពេលឆ្លងកាត់ពី ៤ ទៅ ៥ថ្ងៃ ដែលអាចប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោកថ្មីមួយ។

រីឯ ការដឹកជញ្ជូនតាមផ្លូវអាកាសក៏ជាចំណុចសំខាន់ផងដែរ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានប៉ាន់ប្រមាណថាអ្នកដំណើរ ២៤០លាននាក់នឹងធ្វើដំណើរទៅកាន់ប្រទេសថៃតាមយន្តហោះនៅឆ្នាំ ២០៣៥។

ដើម្បីឆ្លើយតបនឹងផែនការដ៏មានមហិច្ចតាខាងលើដ្ឋាភិបាលថៃកំពុងដំណើរការពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីនៅឈៀងម៉ៃ ភូកេត និងទីតាំងពីរបន្ថែមទៀត៖ អាកាសយានដ្ឋាន Lanna នៅភាគខាងជើង និង អាកាសយានដ្ឋាន Andaman នៅភាគខាងត្បូង​។

លោកស្រី Manaporn បានកត់សម្គាល់ថា “គោលបំណងរបស់យើងគឺបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជាការទាក់ទាញការវិនិយោគអន្តរជាតិ និងចុងក្រោយធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនថៃ”។

គម្រោង​ទាំង​នេះ​កើត​ឡើង​ចំ​ពេល​ដ៏​សំខាន់​មួយ ខណៈ​ដែល​ប្រទេស​ថៃកំពុង​ព្យាយាម​ពង្រីក​ទីតាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅចំ​បេះដូង​នៃ​អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃសង្ឃឹមថាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងប្រែក្លាយប្រទេសខ្លួនទៅជាចំណុចឆ្លងកាត់ចម្បងសម្រាប់ការធ្វើដំណើរ និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។

លោកស្រី Manaporn ក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនអភិវឌ្ឍគម្រោងទាំងនោះដោយចង្អុលបង្ហាញថា បច្ចុប្បន្នប្រទេសថៃនៅមិនទាន់បានប្រើប្រាស់ប្រយោជន៍ពីលក្ខណៈភូមិសាស្រ្តដ៏ល្អរបស់ខ្លួនដែលស្ថិតនៅកណ្តាលនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ទីតាំងរបស់ប្រទេសថៃស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ ដែលនេះគឺជាសក្តានុពលមួយ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលនៃការធ្វើដំណើរ និងការដឹកជញ្ជូនសម្រាប់តំបន់។

“ប្រសិនបើប្រទេសថៃអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូន ប្រជាជនមកពីជុំវិញពិភពលោកដែលធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍នឹងឆ្លងកាត់ប្រទេសថៃមុនគេ បន្ទាប់មកផ្ទេរទៅកាន់គោលដៅចុងក្រោយរបស់ពួកគេ ឬទំនិញនឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់តាមរយៈបណ្តាញដឹកជញ្ជូនរបស់ប្រទេសថៃ”។ លោកស្រីបន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]