ប៊ុលហ្គារី បង្ហាញចេតនាចង់ពង្រីកកិច្ចសហការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត
សភាពាណិជ្ជកម្មប៊ុលហ្គារី មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមប្រតិភូប្រទេសនេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី នៅថ្ងែទី២១ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះ លោកបណ្ឌិត Maxim Behar បានឱ្យដឹងថ គោលបំណងជំនួបនេះ ដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។ជាមួយគ្នានេះ លោកក៏បានធ្វើការកត់សម្គាល់លើការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជានៃដំណើរទស្សនកិច្ចនេះទៅជម្រាបនាយករដ្ឋមន្ត្រីប៊ុលហ្គារីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំណាប់អារម្មណ៍របស់ប៊ុលហ្គារីក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ។
យ៉ាងណាមិញ តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ភាគីទាំងពីរ ក៏បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា-ប៊ុលហ្គារី នឹងមានការចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានាជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើងនាពេលអនាគតថែមទៀត៕ (អានបន្ថែម)
- Video Advertisement -