រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ឆ្លុះបញ្ជាំងពីទំនុកចិត្តរបស់វិនិយោគិន និងស្ថិរភាពនិយោបាយ នៅកម្ពុជា។​

បន្ថែមពីលើរោងចក្រដំឡើងរថយន្ត BYD បានបង្កើតមជ្ឈមណ្ឌលសេវាកម្មចំនួនពីរ និងមានគោលបំណងដំឡើងស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ២០០ទីតាំងទៀត នៅទូទាំងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនីបន្ថែមទៀត។

ជាមួយនឹងការវិនិយោគនេះ BYD ចូលរួមជាមួយក្រុមក្រុមហ៊ុនផលិតរថយន្តល្បីៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមហ៊ុន Ford, Toyota និង Hyundai ដែលជាសញ្ញានៃអនាគតដ៏ជោគជ័យសម្រាប់វិស័យរថយន្តរបស់ប្រទេស។ ការមកដល់របស់ BYD នៅកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញឧស្សាហកម្មយានយន្តរបស់ប្រទេស និងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]