សភាពាណិជ្ជកម្មឥណ្ឌា កំពុងស្វែងរកការវិនិយោគ និងឱកាសពាណិជ្ជកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា

គណៈប្រតិភូមកពីសភាពាណិជ្ជកម្មឥណ្ឌា (ICC) កំពុងស្វែងរកការវិនិយោគ និងឱកាសពាណិជ្ជកម្មយ៉ាងសកម្មនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាង ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Rajjev Singh Tyagi អគ្គនាយក ICC។

ក្នុងកិច្ចពិភាក្សានោះ លោកបណ្ឌិត Tyagi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកសិកម្ម ការបង្កើនកិច្ចសហប្រតិបត្តិការ និងការជំរុញពាណិជ្ជកម្មកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ លោក​បាន​លើក​ឡើង​ថា វិធីសាស្ត្រ​សហការនេះ​អាច​បំពេញ​បន្ថែម​យ៉ាង​សំខាន់​ដល់​ភាពខ្លាំង​របស់​ប្រទេស​ឥណ្ឌា និង​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម។

ឯកឧត្តម ប្រាក់ ដាវីដ ក៏បានបង្ហាញពីទិដ្ឋភាពកសិកម្មដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលផលិតផលមានគុណភាពខ្ពស់ដូចជា អង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច និងគ្រឿងទេសផ្សេងៗផងដែរ។ ឯកឧត្តម បានកត់សម្គាល់ថា ផលិតផលទាំងនេះបង្ហាញពីឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិនឥណ្ឌាក្នុងការចូលរួមធ្វើការកែច្នៃ វេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងការបង្កើតស្លាកយីហោថ្មីៗ (Branding)ផងដែរ។ «​កម្ពុជា​ចាប់អារម្មណ៍​លើ​ការ​ផ្លាស់​ប្តូរ​ពី​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ទៅ​ជាការ​ចែកចាយ​ផលិតផល​សម្រេច​ដែល​អាច​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់​ជាង​នេះបានថែមទៀតផង​»​ឯកឧត្តមបន្ថែម។

លើសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោ​ជ​ន៍​ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវនិងអភិវ​ឌ្ឍ​ន៍ (R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលើការកសាងសហគមន៍កសិកម្មទំនើប ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។

ជាចុងក្រោយ ឯកឧត្តម ក៏បន្តស្នើឥណ្ឌាជួយផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប។ ការផ្តោតអារម្មណ៍នេះមិនត្រឹមតែមានគោលបំណងលើកកម្ពស់ប្រភពអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកការបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធលើធនធាននេសាទធម្មជាតិផងដែរ។

កិច្ចសន្ទនាដែលកំពុងដំណើរការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងកសិកម្មរវាងឥណ្ឌា និងកម្ពុជា ដោយភាគីទាំងពីរមានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]