កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់ថវិកាជិត២លានដុល្លារ ដល់គម្រោងមេគង្គ-ឡានឆាងចំនួន៧
ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម្មក្នុងតំបន់ ការថែទាំសុខភាព និងការអភិវឌ្ឍជនបទនៅទូទាំងព្រះរាជាណាចក្រ
កម្ពុជា-ចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដែលផ្តល់ទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិកដល់កម្ពុជា សមាប់ការអនុវត្តគម្រោងចំនួន៧។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនា។
ចំពោះគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ចំនួន៧ ដែលបានផ្តល់ទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក មកឱ្យកម្ពុជានេះ គឺទី១ គម្រោងសហគ្រាសកសិករផលិតផ្សិត ដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល។ ទី២ ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាត ដើម្បីអនាគត ទាំងអស់គ្នា-ដំណាក់កាលទី២។ ទី៣ គឺការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។ ទី៤ គម្រោងលុបបំបាត់ជំងឺរលាកថ្លើម។ ទី៥ ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន។ ទី៦ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្ដាប្រទេស អនុតំបន់មេគង្គ។ និង ទី៧ ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គម្រោងទាំងនេះ នឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗរួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថលជាដើម៕ (អានបន្ថែម)
- Video Advertisement -