កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)
ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មបច្ចេកវិទ្យាបៃតងទៅក្នុងកម្លាំងពលកម្មក្នុងស្រុក
ក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រុមហ៊ុន BYD CAMBODIA CO., LTD. របស់ចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពិសេសផ្តោតលើឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)។
ពិធីចុះ MoU នេះ បានធ្វើឡើងកាលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
គោលបំណងនៃMoU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ស្របតាមអាទិភាពនៃការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងយានយន្តថាមពលថ្មី (NEV) ព្រមទាំងលើកកម្ពស់ជំនាញ និងសមត្ថភាពកម្លាំងពលកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលផ្អែកលើតម្រូវការឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មនៅកម្ពុជា។
លើសពីនេះ MoU នេះ ក៏នឹងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាឆ្លាតវៃ និងបច្ចេកវិទ្យាបៃតងទៅក្នុងប្រព័ន្ធផ្តល់សេវា TVET សម្របសម្រួលការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាព ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម និងការត្រៀមធនធានមនុស្សមានជំនាញ ដែលត្រូវការចាំបាច់សម្រាប់ឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជា-ចិន ជឿថា នឹងក្លាយជាកាតាលីករគន្លឹះមួយដែលជួយជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជនផងដែរ ជាពិសេសក្នុងផ្នែក NEV។
ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងស្ថាប័នធំៗចំនួនបី ជាមួយ វិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន (GTVTC) ផងដែរ៕ (អានបន្ថែម)
- Video Advertisement -