កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា
កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់( MoU) រួមគ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា។
MoU នេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee)។
MoU នេះ គឺជាលទ្ធផលនៃទំនាក់ទំនងល្អ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ ការត្រៀមកម្លាំងពលកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម ហេង សួរ លើកឡើងថា សិង្ហបុរីជាគោលដៅដ៏មានសក្តានុពលសម្រាប់ពលករជំនាញ ហើយភាពជាដៃគូនេះនឹងផ្តល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹង និងបំពេញតាមស្តង់ដាខ្ពស់របស់សិង្ហបុរី ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការ ការបញ្ជាក់សមត្ថភាពជំនាញ និងសុខុមាលភាព។ ឯកឧត្តម ហេង សួរ បញ្ជាក់ថា ការចុះ MoU ជាលើកដំបូងនេះមិនត្រឹមតែគាំទ្រឱកាសការងារក្នុងវិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតនៃទីផ្សារការងារសិង្ហបុរីនាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា MoU នេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពសិក្ខាកាមក្នុងវិស័យសំណង់ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលនៅកម្ពុជា។ សារៈសំខាន់នៃ MoU នេះគឺផ្តល់នូវវគ្គបណ្តុះបណ្តាលចម្រុះ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្ម និងតម្រូវការកម្លាំងពលកម្មដែលកំពុងវិវត្ត ជាពិសេសលើជំនាញការងារដែកពង្រឹងបេតុង (Rebar) និងការងារទម្រង់បេតុង (Formwork) ព្រមទាំងត្រៀមពង្រីកទៅកាន់មុខជំនាញផ្សេងៗទៀតនាពេលអនាគត។
សូមរំឭកថា ក្នុងឆ្នាំ២០២៥ កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមហាវិទ្យាល័យបច្ចេកទេសសំណង់ Zhejiang (ZCTC) និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តពោធិ៍សាត់ (PIPP) នៅទីក្រុង Zhejiang ក្នុងគោលបំណងជំរុញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ជាពិសេសក្នុងវិស័យសំណង់៕ (អានបន្ថែម)

- Video Advertisement -