កម្ពុជា ឡាវ និងវៀតណាម រឹតចំណងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីបើកច្រកសេដ្ឋកិច្ច និងសមាហរណកម្មតំបន់

កិច្ចប្រជុំត្រីភាគី និងទ្វេភាគីនៅខេត្តសៀមរាប ជួយដោះស្រាយបញ្ហាប្រឈមឆ្លងកាត់ព្រំដែន ព្រមទាំងស្តារជំនួបទ្វេភាគីកម្ពុជា-ឡាវ ដែលបានខកខានអស់រយៈពេលមួយទសវត្សរ៍

ខេត្តសៀមរាប៖ នៅក្នុងបរិបទដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកំពុងទាមទារឱ្យមានការតភ្ជាប់បណ្តាញដឹកជញ្ជូនកាន់តែរលូន និងមានប្រសិទ្ធភាព ប្រទេសជិតខាងទាំងបីនៅក្នុងតំបន់ឥណ្ឌូចិន រួមមានកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញពីឆន្ទៈផ្នែកនយោបាយ និងបច្ចេកទេសយ៉ាងមុតមាំក្នុងការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន។ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលផ្នែកដឹកជញ្ជូនផ្លូវគោកចំនួនបីក្នុងពេលតែមួយ រួមមាន កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និងកិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក។

ជំនួបថ្នាក់តំបន់ដ៏សំខាន់នេះត្រូវបានដឹកនាំដោយ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ភាគីវៀតណាម ដឹកនាំដោយលោកស្រី Phan Thi Thu Hien អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម និងភាគីឡាវ ដឹកនាំដោយឯកឧត្ដម Chanthala Phimmachack អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំប្រតិភូប្រមាណ ១៥០នាក់ ដែលរួមមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA និងតំណាងវិស័យឯកជននៃប្រទេសទាំងបី ដើម្បីរួមគ្នាពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ពិធីសារ និងអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក ព្រមទាំងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅតាមច្រកទ្វារព្រំដែន។

ចំណុចចាប់អារម្មណ៍ជាយុទ្ធសាស្ត្រនៃជំនួបនាពេលនេះ គឺការប្រារព្ធកិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវ លើកទី៧ ដែលបានវិលត្រឡប់មកជួបជុំគ្នាវិញជាលើកដំបូង បន្ទាប់ពីបានអាក់ខានអស់រយៈពេលប្រមាណ ១០ ឆ្នាំ គិតចាប់តាំងពីកិច្ចប្រជុំលើកទី៦ ក្នុងឆ្នាំ២០១៦ មក។ ដំណើរការនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគីនេះ គឺជាបន្តវេនពីសមិទ្ធផលដែលប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៥ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលទាំងបី ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់ពាណិជ្ជកម្មប្រកបដោយថាមវន្ត តាមរយៈការកាត់បន្ថយរបាំងរដ្ឋបាល និងការសម្រួលនីតិវិធីដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែន។

សូមជម្រាបថា ការប្រមូលផ្តុំកិច្ចប្រជុំទ្វេភាគី និងត្រីភាគីនៅខេត្តសៀមរាបនាពេលនេះ មិនត្រឹមតែជាការសម្របសម្រួលបច្ចេកទេសដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំហានយុទ្ធសាស្ត្រក្នុងការរឹតចំណងមិត្តភាព និងកសាងភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា ឡាវ និងវៀតណាម។ ការសម្រួលនីតិវិធីដឹកជញ្ជូនតាមផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព និងភាពច្បាស់លាស់ នឹងក្លាយជាកាតាលីករជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនសមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្ម និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យរំកិលទៅមុខយ៉ាងរហ័ស។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]