កម្ពុជាជំរុញស្តង់ដារូបនីយកម្ម និងទំនើបកម្មប្រព័ន្ធព័ស្តុភារកម្មជាតិ តាមរយៈការចូលរួមមហាសន្និបាត APSF លើកទី២១ នៅសាធារណរដ្ឋកូរ៉េ
ក្រសួងសាធារណការ និងតំណាងវិស័យឯកជន រួមគ្នាចែករំលែកវឌ្ឍនភាព APSF Roadmap 2030 និងចុះសិក្សាពីបច្ចេកវិទ្យាខ្សែច្រវាក់ត្រជាក់នៅទីក្រុងសេអ៊ូល សំដៅបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់តំបន់
ទីក្រុងសេអ៊ូល៖ ការធ្វើស្តង់ដារូបនីយកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធព័ស្តុភារកម្ម បានក្លាយជាអាទិភាពយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី។ នៅក្នុងដំណើរទស្សនៈកិច្ចសិក្សា និងចូលរួមមហាសន្និបាត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រីរាជការជំនាញ រួមជាមួយ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា និងតំណាងវិស័យឯកជន អញ្ជើញចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (Asia Pallet System Federation – APSF) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
មហាសន្និបាតអន្តរជាតិមួយនេះ ត្រូវបានរៀបចំឡើងដោយសមាគមកុងតឺន័រប៉ាឡែតកូរ៉េ (KPCA) ដោយមានការចូលរួមពីតំណាងប្រទេសសមាជិក APSF យ៉ាងច្រើនចូលរួម រួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ាន ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃ។ របៀបវារៈចម្បងនៃអង្គសន្និបាតបានផ្តោតលើការពិភាក្សាអំពី APSF Roadmap 2030 ការគ្រប់គ្រងប្រព័ន្ធ Unit Load System (ULS) ការធ្វើស្តង់ដារូបនីយកម្មក្នុងវិស័យព័ស្តុភារកម្ម ព្រមទាំងកម្មវិធីសិក្សា ASEAN Smart ULS School និងការផ្លាស់ប្តូរទស្សនទានលើបញ្ហាប្រឈមនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ អំពីវឌ្ឍនភាពនៃការអនុវត្ត APSF Roadmap 2030 របស់ខ្លួន និងស្ថានភាពរីកចម្រើននៃវិស័យប៉ាឡែត និងព័ស្តុភារកម្មនៅកម្ពុជា។ លើសពីនេះ ប្រតិភូទាំងអស់ក៏បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៣០ របស់ KPCA និងខួបលើកទី២០ របស់ APSF ផងដែរ។
ប្រតិភូកម្ពុជាក៏បានចុះទស្សនកិច្ចសិក្សាជាក់ស្តែងនៅមជ្ឈមណ្ឌលព័ស្តុភារកម្ម LogisALL Icheon Complex Logistics Center និងមជ្ឈមណ្ឌលខ្សែច្រវាក់ត្រជាក់ KCP Dong-Anseong Cold Chain Center។ ដំណើរកម្សាន្តសិក្សានេះ បានផ្តល់ឱកាសយ៉ាងសំខាន់ដល់ប្រតិភូក្នុងការស្វែងយល់ពីការរៀបចំមជ្ឈមណ្ឌលព័ស្តុភារកម្មទំនើប ការគ្រប់គ្រងទំនិញតាមប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត និងការប្រតិបត្តិការប្រព័ន្ធខ្សែច្រវាក់ត្រជាក់ដែលទើបតែអភិវឌ្ឍចុងក្រោយ។
ការចូលរួមរបស់កម្ពុជាក្នុងមហាសន្និបាត APSF លើកទី២១ និងទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរុញច្រានវិស័យព័ស្តុភារកម្មជាតិឱ្យឈានទៅរកស្តង់ដារអន្តរជាតិ។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន គួបផ្សំជាមួយនឹងការយកចិត្តទុកដាក់លើការអនុវត្តស្តង់ដារប៉ាឡែត ULS នឹងជួយកាត់បន្ថយដើមទុននៃការដឹកជញ្ជូន បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យកម្ពស់កម្ពុជាក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏មានសក្តានុពលក្នុងតំបន់អាស៊ាន។ (អានបន្ថែម)


- Video Advertisement -