ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា
អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិវឌ្ឍន៍ជនបទ ផ្តោតលើកំណើនប្រកបដោយចីរភាព ការដឹកជញ្ជូនប្រកបដោយភាពធន់ និងការទទួលបានទឹកស្អាតនៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ MoU នេះបានចុះហត្ថលេខាកាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្រសួងទាំងពីរ បញ្ជាក់ថា MoU នេះក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងសំដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងសហគមន៍នៅជនបទឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ កិច្ចសហការនេះ ក្រសួងទាំងពីរ ក៏នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅតាមសហគមន៍ជនបទ និងតំបន់គោលដៅទេសចរណ៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបដែរថា MoU នេះមានគោលបំណងចម្បងចំនួន ៣ រួមមាន៖ ទី១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់ ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការជំរុញការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។ ទី២. បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងភ្ញៀវទេសចរ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ និងទី៣. ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព៕

- Video Advertisement -