ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧
ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment and Culture Group Ltd., គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ ដែលនឹងគ្រោងចាប់ដំណើរការយ៉ាងយូរនាដើមឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើតាមជំនួបកាលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុនកាលពីចុងសប្តាហ៍។
នាឱកាសនោះ លោកស្រីនាយិកាក្រុមហ៊ុន បានឱ្យដឹងថា គម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប គឺជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (Company’s flagship) នៅកម្ពុជា។ លោកស្រីថា គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ លោកស្រីថា ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចបានជំរុញក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីធានាជោគជ័យក្នុងការវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Legendary Entertainment ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់ រួមជាមួយការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើបនៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ ១. ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ២. ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប និង ៣. ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងសេវាកម្មបដិសណ្ឋារកិច្ច៕
- Video Advertisement -