Digital Twin ជួយសន្សំថវិកាជាង ១៤ លានដុល្លារ ក្នុងគម្រោងពង្រីកផ្លូវរថភ្លើងខ្នាតធំនៅឥណ្ឌូនេស៊ី
ក្រុមហ៊ុន PT Waskita Karya នៃប្រទេសឥណ្ឌូនេស៊ីបានប្រើប្រាស់កម្មវិធីសំណង់ឌីជីថលរបស់ Bentley Systems ដើម្បីបញ្ចប់គម្រោងផ្លូវរថភ្លើង LRT Jakarta ដំណាក់កាលទី 1B ប្រវែង ៦,៤ គីឡូម៉ែត្រ ខណៈក៏សន្សំសំចៃថវិកា ១៤,៨២ លានដុល្លារអាមេរិក ពីការកែសម្រួលការងារឡើងវិញ និងប្រាក់ពិន័យលើការយឺតយ៉ាវដែលមិនបានព្រាងទុក។
ភាពជោគជ័យនៃគម្រោងនេះ គឺផ្អែកលើកម្មវិធី SYNCHRO 4D ដែលជួយឱ្យវិស្វករធ្វើការពិសោធកិច្ចការសាងសង់ទាំងមូលជាមុន (Simulate) មុនពេលចាប់ផ្តើមបើកការដ្ឋាន។
វិធីសាស្រ្តនេះបានជួយរកឃើញបញ្ហាជម្លោះបច្ចេកទេស (Technical Clashes) ជាង ១២០០ ចំនុច រវាងសំណង់ថ្មី និងប្រព័ន្ធប្រើប្រាស់ដែលមានស្រាប់ ដែលជួយសន្សំសំចៃថវិការាប់លានដុល្លារតាមរយៈការបង្ការកំហុសបច្ចេកទេសផ្ទាល់។
បន្ថែមពីនេះ ទិន្នន័យពីដ្រូនដែលមានកម្រិតច្បាស់ខ្ពស់ ត្រូវបានដំណើរការតាមរយៈ iTwin Capture ដើម្បីបង្កើតជាគំរូក្រុងឌីជីថលដ៏មានភាពជាក់លាក់ ដែលធានាបាននូវការរៀបចំផែនការយ៉ាងហ្មត់ចត់ក្នុងតំបន់ដែលមានទំហំតូចចង្អៀត។

លើសពីណេះ តាមរយៈការប្រើប្រាស់ ProjectWise ដែលជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យរួម ក្រុមការងារបានបង្កើនល្បឿននៃការផ្លាស់ប្តូរទិន្នន័យបាន ៨០% និងកាត់បន្ថយពេលវេលានៃការបង្កើតគំរូប្លង់ (Modeling) បាន ៤០%។
ទន្ទឹមនឹងនេះ iTwin Experience បានផ្តល់ឱ្យភាគីពាក់ព័ន្ធនូវការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារតាមពេលវេលាជាក់ស្តែង ដែលជួយកាត់បន្ថយការចុះពិនិត្យការដ្ឋានដោយផ្ទាល់បាន ២០% និងកាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់គម្រោងផងដែរ។
តាមរយៈដំណើរការការងារដែលគាំទ្រដោយបច្ចេកវិទ្យា Bentley នេះ ក្រុមហ៊ុន Waskita Karya បានជៀសផុតពីការចំណាយលើសកញ្ចប់ថវិកា និងកាត់បន្ថយការរំខានដល់សហគមន៍ជុំវិញ។

វិធីសាស្ត្រដែលផ្តល់អាទិភាពលើប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែធ្វើឱ្យការសាងសង់ផ្លូវរថភ្លើងកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ (Smart City) នៅជុំវិញពិភពលោកនាពេលអនាគតផងដែរ។
- Video Advertisement -