GCFបានអនុម័តថវិកា ៤៣លានដុល្លារ ដើម្បីគាំទ្រកសិករនៅតំបន់ទន្លេសាបប៉ែកខាងជើង
មូលនិធិអាកាសធាតុបៃតង (GCF) ដែលជាមូលនិធិធំបំផុតនៅក្នុងពិភពលោក សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងសំខាន់ៗចំនួនពីរផ្សេងទៀត បានអនុម័តគម្រោងមួយក្រោមទំហំថវិកា ៤៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កសិករនៅក្នុងតំបន់ទន្លេសាបភាគខាងជើង។
គម្រោងនេះមានឈ្មោះថា «ភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់កសិកម្មដែលមិនប៉ះពាល់បរិស្ថាន និងមុខរបរដែលមានភាពធន់នៅអាងទន្លេសាបភាគខាងជើង (PEARL)» ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការ (FAO) មានគោលបំណងបង្កើនសមត្ថភាពបន្សុំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងខ្សែចង្វាក់តម្លៃផ្សេងទៀត នៅតំបន់អាងទន្លេសាបប៉ែកខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។
គម្រោងនេះទទួលបានទឹកប្រាក់ចំនួន ៣៦លានដុល្លារពី GCF និង ៦,៦លានដុល្លារផ្សេងទៀតជាថវិការរួមគ្នារវាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង FAO។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ FAO ចេញផ្សាយនាថ្ងៃទី ១៥ មីនា ដោយបានបន្ថែមថា ការអនុម័តកញ្ចប់ថវិកានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៥ របស់ GCF នាថ្ងៃទី ១៥ ខែមីនា នៅទីក្រុង Songdo ប្រទេសកូរ៉េខាងត្បូង។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ចំនួនទឹកប្រាក់ដែលបានអនុម័តនេះនឹងផ្តល់មូលនិធិដល់គម្រោងសម្រាប់រយៈពេល ៦ឆ្នាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ៤៥០.០០០នាក់ និងខ្សែចង្វាក់តម្លៃក្នុងស្រុកនៅក្នុងតំបន់អាងទន្លេសាបភាគខាងជើងផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ការអនុម័តគម្រោង PEARL នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមក្នុងការសម្របខ្លួនជាបន្ទាន់របស់កសិករខ្នាតតូចនៅក្នុងតំបន់នេះ។
- Video Advertisement -