Bentley ចេញយុទ្ធនាការថ្មីប្រើបច្ចេកវិទ្យាដោះស្រាយវិសមភាពការប្រើទឹក និងយេនឌ័រ
Bentley Systems កំពុងតស៊ូមតិដើម្បីផ្លាស់ប្តូរទស្សនៈដែលធ្លាប់មើលឃើញស្ត្រីត្រឹមតែជាអ្នកប្រើប្រាស់ទឹក ឱ្យមកជាតួអង្គស្នូលក្នុងនាមជាវិស្វករ អ្នកវិទ្យាសាស្ត្រ និងអ្នកសម្រេចចិត្តលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
សកម្មភាពរបស់ Bentley គឺសម្រាប់យុទ្ធនាការទិវាទឹកពិភពលោកឆ្នាំ ២០២៦ ក្រោមប្រធានបទ «ទីណាមានទឹកហូរ ទីនោះមានសមធម៌» ដែលបង្ហាញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងការទទួលបានទឹកស្អាត និងសិទ្ធិមនុស្សជាមូលដ្ឋាន។

ការបែងចែកទឹកក្នុងសម័យទំនើបតម្រូវឱ្យមានការរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីរក្សាតុល្យភាពរវាងការប្រើប្រាស់ថាមពល ការចំណាយ និងភាពជឿជាក់ក្នុងរយៈពេលវែង។
កម្មវិធី OpenFlows Water របស់ Bentley បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មនេះ ដែលជួយឱ្យវិស្វករបង្កើតគំរូបណ្តាញដ៏ស្មុគស្មាញ និងអនុវត្តលំហូរការងារឌីជីថល ដើម្បីបញ្ជូនទឹកទៅកាន់សហគមន៍បានកាន់តែរហ័ស។

ការជឿនលឿនផ្នែកបច្ចេកទេសទាំងនេះមានសារៈសំខាន់ខ្លាំងក្នុងការផ្លាស់ប្តូរជីវភាពរបស់ស្ត្រី ដោយសារការនាំយកទឹកដោយផ្ទាល់ទៅដល់ផ្ទះបានជួយឱ្យពួកគេមានពេលវេលាបន្ថែមសម្រាប់ការសិក្សា និងបង្កើនឱកាសសេដ្ឋកិច្ច។
ប្រទេសឥណ្ឌាគឺជាឧទាហរណ៍ចម្បងនៃបម្លាស់ប្តូរឌីជីថលនេះ។ នៅក្នុងស្រុក Godda ដំណោះស្រាយធារាសាស្ត្របែបឌីជីថលបានទទួលជោគជ័យក្នុងការរៀបចំបណ្តាញផ្គត់ផ្គង់ទឹកក្នុងភូមិជាច្រើននៅតំបន់ដែលមានដីលំបាក ដោយបម្រើប្រជាជនជាង ៥៦០,០០០ នាក់ និងសន្សំសំចៃថវិកាបាន ១០ លានរូពី។

ស្រដៀងគ្នានេះដែរ នៅរដ្ឋ Uttar Pradesh អាជ្ញាធរ Ayodhya បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Twin) ដើម្បីផ្គត់ផ្គង់ទឹក ២៤ ម៉ោង ដែលជាចំណាត់ការជួយកាត់បន្ថយការបាត់បង់ទឹកបាន ៣៥% និងកាត់បន្ថយការភាយឧស្ម័នកាបូនបាន ៣៤៧ តោនក្នុងមួយឆ្នាំ។
នៅ Rajghat ការងារវិស្វកម្មសម្រាប់ប្រព័ន្ធបម្រើប្រជាជន ២.៥ លាននាក់ ត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ ដែលជារយៈពេលដ៏ខ្លីបំផុតបើធៀបនឹងការប្រើប្រាស់វិធីសាស្ត្របែបប្រពៃណី។
ឧទាហរណ៍មួយទៀតគឺគម្រោងនៅ Karnataka ដែលបានប្រើប្រាស់បច្ចេកវិទ្យា GIS និង IoT ដើម្បីផ្តល់ការតភ្ជាប់បណ្តាញទឹកចំនួន ៣ លានកន្លែងជូនដល់ប្រជាជន ១៥ លាននាក់។
ការបង្កើតគំរូឌីជីថលកំពុងបង្ហាញថា បច្ចេកវិទ្យាគឺជាផ្លូវដ៏លឿនបំផុតឆ្ពោះទៅរកការតភ្ជាប់ទឹកជាសកល និងការបង្កើតសង្គមដែលមានសមធម៌ជាងមុន។

- Video Advertisement -