ចប់កូវីដ១៩ វិនិយោគិនបរទេសត្រឡប់មកវិញ តែមកទាំងស្តើងហោប៉ៅ
យើងដឹងត្រឹមតែថា មេរោគកូវីដ១៩ បង្កផលប៉ះពាល់ខ្លាំង ដល់សុវត្ថិភាព និងដល់សេដ្ឋកិច្ចពិភពលោក។តែការយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅថា វាប៉ះពាល់ប៉ុណ្ណា និងប៉ះពាល់របៀបម៉េចខ្លះនោះ គឺជារឿងពិបាកស្មាន។ អ្វីដែលយើងគ្រប់គ្នាតែងបានដឹងបានឮមួយរយៈនេះ គឺថា ក្រោយមេរោគនេះ វាយលុកខ្លាំង ប្រទេសនៅជុំវិញពិភពលោក បានបិទព្រំដែន ដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង លើអាជីវកម្ម និងបានអនុវត្តគោលនយោបាយ ដាក់ឱ្យនៅដាច់ដោយឡែក និងការរក្សាគម្លាតកាយជាដើម។ ក៏ប៉ុន្តែ ថាតើវា ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេស គឺជាអ្វីដែលយើងចង់ដឹងឱ្យបានច្បាស់ទាំងអស់គ្នា?
ផលប៉ះពាល់កូវីដ១៩លើសេដ្ឋកិច្ចកម្ពុជា
អ្វីដែលច្បាស់ជាងគេ គឺថាឆ្នាំនេះនឹងនាំមកនូវភាពអត់ការងារធ្វើកើនឡើងយ៉ាងច្រើន។ មូលហេតុនៃបញ្ហានេះ គឺទាំងកត្តាក្នុងស្រុកដែលស្ថាប័នមួយចំនួន ជាពិសេសស្ថាប័នអប់រំ ទាំងឯកជន និងរដ្ឋភាគច្រើនត្រូវបានផ្អាក។ បូករួមទាំងចំនួនពលករចំណាកស្រុកប្រមាណ ៥០.០០០នាក់ ដែលអនាគតការងារបស់ពួកគេនៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះរដ្ឋាភិបាលថៃ ទើបនឹងពន្យារការដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្នបន្តទៀត។
អាជីវកម្មត្រូវសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារថ្មី និងផលប៉ះពាល់ដែលវាមានលើចរន្តប្រាក់ចំណូលក្នុងស្រុក។ ដែលច្បាស់ជាងគេ គឺការកាត់បន្ថយប្រាក់ខែ និងការកាត់បន្ថយចំនួនកម្លាំងពលកម្មនៅតាមឧស្សាហកម្មជាច្រើន។
ទេសចរណ៍
ទេសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើ ហើយក៏ជាវិស័យមួយក្នុងចំណោមឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេផងដែរ។ តួលេខផ្លូវការ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍ ចូលរួមប្រមាណ ១២% នៃផ.ផ.ស របស់កម្ពុជា។ តែចំនួននេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ស្មានការធ្លាក់ចុះប្រាក់ចំណូលទេសចរណ៍ ៨៥៦,៦ លានដុល្លារ ដែលស្មើនឹងប្រមាណ ៣, ៥ ភាគរយនៃផ.ផ.ស របស់កម្ពុជា។ ការធ្លាក់ចុះទេសចរណ៍ ធ្វើឱ្យអាជីវកម្មទាំងតូច ទាំងធំ ប៉ះពាល់ដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចទាំងមូល។ ឧទាហរណ៍ ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រាសាទអង្គរវត្តបានថយចុះ ៣៧,២% ដោយមិនគិតពីតំបន់ផ្សេងៗទៀត ក្នុងប្រទេស ដូចជាតំបន់ឆ្នេរជាដើម។ ការថយចុះនៃវិស័យទេសចរណ៍ នឹងជះឥទ្ធិពលដល់វិស័យលក់រាយការកម្សាន្ត និងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចផងដែរ។
ធាតុវិភាគចម្បងនៃអចលនទ្រព្យ
វាពិបាកនឹង និយាយពីឥទ្ធិពលសំខាន់លើឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជា ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូល ដែលមិនដឹងថា នឹងត្រូវការពេលប៉ុន្មានទៀត ដើម្បីងើបចេញពីវីរុសនេះ។
តម្លៃដី
ចំណុចខ្លាំងមួយនៃឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជា នោះគឺភាពប្រឈមនឹងបំណុលទាប (comparative lack of exposure to debt)។ បើយើងមើលមួយជ្រុង កម្រិតបំណុលគ្រួសារ (Household debt) បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារមានកំណើនតម្រូវការផ្ទះ និងដី មែនក៏ដោយ។ ប៉ុន្តែវាក៏នៅតែមានកម្រិតទាបនៅឡើយដែរ បើធៀបទៅនឹងបណ្តាប្រទេសដទៃដែលមានភាពប្រឈមទៅនឹងបំណុលខ្ពស់។
សូចនាករមួយទៀត គឺប្រពៃណីខ្ចីប្រាក់ពីក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ សម្រាប់យកមកដោះដូរក្នុងអចលនទ្រព្យ នៅតែមានជាប្រចាំនៅឡើយ។ នេះ ជាមូលហេតុចម្បងមួយ ដែលពេលដែលវិបត្តិសេដ្ឋកិច្ចដូចជាការឆ្លងមេរោគនេះ ជាដើមចូលមក ធ្វើឱ្យតម្លៃដីធ្លី មិនសូវជាមានការប៉ះពាល់ខ្លាំង។ ដោយសារមានកម្រិតប្រាក់កម្ចីតិច និងការរឹបអូសធនាគារតិចតួច ទាំងអស់នេះ ជួយធ្វើឱ្យតម្លៃមានស្ថេរភាព។
តម្លៃជួលពាណិជ្ជកម្ម និងតូបជួល
របាយការណ៍ព្យាករណ៍ពី CBRE ការិយាល័យ និងកន្លែងជួលតូប នឹងមានការកែប្រែខ្លះនៅឆ្នាំនេះ។ មកដល់ពេលនេះ យើងនៅមិនទាន់ឃើញមានការប្រកាសជាផ្លូវការណាមួយពីរដ្ឋាភិបាល ដែលបង្ខំឲ្យម្ចាស់ទ្រព្យ កាត់បន្ថយថ្លៃជួលផ្ទះនោះទេ តែការស្នើឱ្យបញ្ចុះថ្លៃឈ្នួលមាន។ ជាលទ្ធផល យើងមើលឃើញ មានការចរចាការកាត់បន្ថយថ្លៃឈ្នួលពីភាគីឈ្នួលទាំងពីរ។ មូលហេតុ គឺដោយសារតែ ម្ចាស់ផ្ទះជួលទទួលបានអត្ថប្រយោជន៍ក្នុងការរក្សាអ្នកជួលនៅក្នុងបរិយាកាសបច្ចុប្បន្ន បើគេមិនព្រមចរចាទេ។
សម្រាប់វិស័យពាណិជ្ជកម្ម ចំណុចស្នូលដែលយើងត្រូវមើលនោះ គឺលក្ខណៈតម្រូវការនៃវិស័យនេះ។ ភាគច្រើននៃវិស័យនេះ បានមកពីក្រុមហ៊ុនអន្តរជាតិដែលយកប្រទេសកម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការក្រៅប្រទេស (SEA Operation)។ សម្រាប់ពេលនេះ តម្រូវការលើវិស័យនេះ បានថយចុះ ត្បិតថាក្រុមហ៊ុនមេនៅឯនាយសមុទ្រកំពុងប្រឈមនឹងមេរោគនៅឡើយ។ ម៉្លោះហើយ តម្លៃក៏នឹងត្រូវមានការផ្លាស់ប្តូរដែរ។ ដោយសារការថយចុះនៃតម្រូវការនេះ អាចនឹងមានការបញ្ចុះថ្លៃជួលពាណិជ្ជកម្មពី ១០ ទៅ ២០ ភាគរយនៅចុងឆ្នាំ ២០២០។
ងាកមកមើលខាងតូបជួលតាមផ្សារទំនើបវិញ បាន និងនឹងរងផលប៉ះពាល់ខ្លាំងជាងអនុវិស័យអចលនទ្រព្យដទៃទៀត។ នៅទូទាំងក្រុង និងរាជធានី នៅកម្ពុជា យើងចាប់ផ្តើមមើលឃើញភោជនីយដ្ឋានហាងស្រា បារ និងកន្លែងហូបចុកខ្លះ បានចាប់ផ្តើមបើកឡើងវិញជាបណ្តើរៗហើយ។ តែទន្ទឹមនឹងនេះ ដំណឹងពីការឆ្លងមេរោគថ្មី បន្ថែមម្នាក់ទៀត ទើបនឹងត្រូវបានប្រកាសដោយក្រសួងសុខាភិបាល។ ការណ៍នេះ បង្ហាញពីភាពមិនច្បាស់លាស់ពីអនាគតមេរោគនេះ ដែលកំពុងបន្ត ដែលអាចនឹងធ្វើឱ្យទីផ្សារនេះ មានតម្លៃជួលតូប ធ្លាក់ចុះនៅគ្រប់ទីកន្លែងពី ១៥% -៣០% នៅឆ្នាំនេះ។ នេះជាការព្យាកររបស់លោក Grant Fitzgerald ដែលតួលេខនេះ ខ្ពស់ជាងការព្យាកររបស់ CBRE បន្តិច។
តម្លៃខុនដូ
ពេលដែលនិយាយពីតម្រូវការខុនដូកម្ពុជា យើងមិនអាចមិនលើកឡើងអំពីតម្រូវការពីទីផ្សារអន្ដរជាតិបានទេ ជាពិសេសសម្រាប់ប្រភេទខុនដូ តម្លៃពាក់កណ្តាល និងថ្នាក់ខ្ពស់។ និយាយឱ្យចំ ទីផ្សារអនុវិស័យមួយនេះ ច្រើនលក់ដាច់សម្រាប់អតិថិជនជាក្រុមហ៊ុន និងវិនិយោគិនចិន ដែលពេលនេះ ហាក់ដូចជាកំពុងឈានដល់ដំណាក់កាលសេដ្ឋកិច្ចងើបឡើងវិញខ្លះដែរហើយ។
និយាយរួមទៅ ទោះបីជាថា ក្រោយវិបត្តិនេះ វិនិយោគិនចិន និងវិនិយោគិនជាតិដទៃទៀត ទំនងជានឹងវិលត្រឡប់មកកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះមែនក៏ដោយ តែតម្លៃខុនដូ ទំនងជានឹងអាចធ្លាក់ចុះខ្លះ។ អាចនឹងធ្លាក់ចុះខ្លះ ដោយសារគេត្រឡប់មកវិញមែន តែមកជាមួយនឹងការកាត់បន្ថយថ្លៃដើម ដោយសារក្រុមហ៊ុនរបស់គេ ដើមទុននៅក្នុងស្រុករបស់គេ ត្រូវបានកាត់បន្ថយដោយសារប៉ះពាល់ពីកូវីដ១៩ ដែរ។
ប្រសិនបើអ្វីៗ អាចវិលត្រឡប់មករកភាពប្រក្រតីវិញ ក្នុងរយៈពេល ២ ឬ៣ ខែខាងមុខ សម្រាប់កម្ពុជា ដែលល្បីថា មានគុណផលឆ្លើយតប (Responsive Performance) នឹងកូវីដ១៩ បានល្អជាងគេ ដោយសារមានអត្រាឆ្លងតិចបំផុត និងគ្មានអត្រាស្លាប់មែនក៏ដោយ។ ក៏ប៉ុន្តែប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា មិនដាច់ចេញពីសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសទីផ្សារដទៃទៀតទេ។ ដូច្នេះ ប្រសិនបើ សុបិនអាក្រក់នៃកូវីដ១៩ នេះ នៅតែបន្តសម្រាប់ប្រទេសទីផ្សារដទៃទៀត កាន់តែយូរអាចថា ១២ ខែ ឬយូរជាងនេះ នោះយើងប្រាកដជា នឹងឃើញការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ដោយសារការកកស្ទះប្រភពវិនិយោគ និងការបាត់បង់ចំណូលទេសចរណ៍បរទេស ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត ដែលកើតចេញពីរោគរាតត្បាតនេះ គឺការណ៍ដែលវាបានបង្ហាញពីសមត្ថភាព និងការខ្វះខាតនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រជាជាតិនីមួយៗ។ ទំនាក់ទំនងអន្តរជាតិ នឹងត្រូវបានប្តូរទិសដៅ។ ទោះយ៉ាងនេះក្តី សេដ្ឋវិទូ និងអ្នកប្រាជ្ញសេដ្ឋកិច្ចជាច្រើនទូទាំងសាកលលោក កំពុងរិះរកចម្លើយថ្មី ចំពោះសំណួរដដែល គឺថា ក្រោយឆ្លងកាត់វិបត្តិនេះហើយ តើយើងនៅពឹងផ្អែកលើប្រព័ន្ធសេដ្ឋកិច្ចបែបមូលធនដែលតម្រង់ទិសដោយសម្ភារៈនិយមនេះ ដដែល ឬត្រូវការប្រព័ន្ធសេដ្ឋកិច្ចមួយថ្មី សម្រាប់ពិភពលោក?
- Video Advertisement -