នីតិវិធីចុះបញ្ជីអចលនទ្រព្យនៅកម្ពុជា ធ្វើឡើងយ៉ាងដូចម្តេច?

ការចុះបញ្ជីអចលនទ្រព្យ ពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ។ វាក៏បញ្ជាក់ពីភាពស្របច្បាប់នៃអចលនទ្រព្យនោះផងដែរ។ ការចុះបញ្ជីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងទៅលើដី និងសំណង់ទាំងឡាយណា ដែលជាប់ពន្ធ ហើយជាទូទៅ គឺអចលនទ្រព្យមានតម្លៃលើសពី១០០ ០០០ ០០០ រៀល។ (អានបន្ថែម)

ផ្អែកតាមច្បាប់ស្តីពីពន្ធលើអចលនទ្រព្យឆ្នាំ ២០០៩ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ មានកាត​ព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន នៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែល​អចលន​ទ្រព្យ​របស់ខ្លួននោះស្ថិតនៅ។ ការចុះបញ្ជីនេះត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

ចំពោះការចុះបញ្ជីអចលនទ្រព្យមួយ ធ្វើឡើងតែមួយដងគត់ ដើម្បីទទួលបានលេខអត្តសញ្ញាណសម្គាល់អចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណា ដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់នោះទេ តែត្រូវបង់ពន្ធអចលទ្រព្យនោះ ជាប្រចាំឆ្នាំក្នុងអាត្រា០,១ % ដោយវាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យ និងទីតាំងដែលវាស្ថិតនៅ។

ម្យ៉ាងទៀត នៅពេលអចលនទ្រព្យដែលបានចុះបញ្ជីនោះ ត្រូវបានផ្ទេរកម្មសិទ្ធិតាមរយៈការទិញ-លក់ ឬមានការផ្លាស់ប្តូរម្ចាស់កាន់កាប់ ការផ្លាស់ប្តូរទំហំ ការបែងចែក ឬការរំលាយចូលគ្នា នោះម្ចាស់អចលនទ្រព្យ ត្រូវតែបង់ពន្ធប្រថាប់ត្រា ដាច់ដោយឡែក ក្នុងអត្រា៤%។

ឧទាហរណ៍៖ ពូ «ក» មានដីទំហំ ៣ ហិកតា ក្នុងក្រុងសៀមរាប។ ពូ «ក» ត្រូវតែទៅចុះបញ្ជីអចលនទ្រព្យ និងបង់ពន្ធអចលនទ្រព្យ ក្នុងអត្រា០,១ % ប្រចាំឆ្នាំ ។ ក្រោយមក ពូ «ក» បានបំបែកក្បាលដីជា ០៣ ប្លង់ ហើយផ្ទេរសិទ្ធិកាន់កាប់ឱ្យកូនគាត់បីនាក់។ ដូចនេះ ដីចំនួន០៣ ប្លង់ដែលបានចែកឱ្យកូននោះ កូនដែលត្រូវទៅចុះបញ្ជីកម្មសិទ្ធិថ្មី ត្រូវតែបង់ពន្ធប្រថាប់ត្រាក្នុងអត្រា ៤%។​ ក្នុងករណីនេះ ក្នុងឆ្នាំដែលគាត់ចែកដីឱ្យកូនគាត់ តែគាត់មិនទាន់បង់ពន្ធអចលនទ្រព្យប្រចាំ នៅពេលមានការចែកដីកូនបែបនេះ គាត់ រួមនឹងកូនគាត់ត្រូវតែបង់ពន្ធ ០,១% និងបង់ពន្ធប្រថាប់ត្រា៤% ក្នុងឆ្នាំនោះតែមួយ។

ជាគោលការណ៍ សម្រាប់ការចុះបញ្ជីអចលនទ្រព្យ ម្ចាស់អចលនទ្រព្យត្រូវតែវាស់វែង និងគណនាពន្ធអចលនទ្រព្យទាំងនោះដោយខ្លួនឯង។

តើត្រូវវាស់វែងអចលនទ្រព្យនោះយ៉ាងដូចម្តេច?

ម្ចាស់អចលនទ្រព្យ ត្រូវវាស់វែងផ្ទៃក្រឡារបស់ដី ផ្ទះ និងសំណង់ផ្សេងៗ ដូចជា ដី គឺគេត្រូវវាស់យកចំណុចកណ្តាលនៃព្រំរបង ឬព្រំដីជាគោល។ រីឯ ផ្ទះ អគារ និងសំណង់ផ្សេងៗ គឺគេត្រូវវាស់យកចំណុចកណ្តាលនៃជញ្ជាំង និងចុងដំបូល ចំពោះស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ ឬលាងរថយន្ត។​

ការគណនាប្រាក់ពន្ធលើអចលនទ្រព្យ

ក្នុងប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានកំណត់យ៉ាងច្បាស់ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលអនុវត្តចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ ឬ/និងដី ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីរកប្រាក់ពន្ធត្រូវបង់ ម្ចាស់អចលនទ្រព្យ ត្រូវរកមូលដ្ឋានគិតពន្ធជាមុនសិន។ គេត្រូវយកតម្លៃអចលនទ្រព្យ គុណនឹង៨០% រួចដកនឹង ១០០ ០០០ ០០០៛ នោះអ្នកនឹងរកឃើញពីមូលដ្ឋានគិតពន្ធ។ បន្ទាប់មក គេយកតម្លៃលេខនៃមូលដ្ឋានគិតពន្ធ ទៅគុណនឹង០.១ % នោះ យើងនឹងរកឃើញពីតម្លៃប្រាក់ពន្ធដែលត្រូវបង់នោះហើយ។​

តម្លៃអចលនទ្រព្យនីមួយៗ ត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃទីផ្សារ ឬទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង)។

តើត្រូវមានឯកសារអ្វីខ្លះនៅពេលទៅចុះបញ្ជី?

ក្រោយពី ម្ចាស់អចលនទ្រព្យ បានវាស់វែង ​និងគណនារកប្រាក់ពន្ធនៃអចលនទ្រព្យរបស់ខ្លួនរួចហើយ គឺត្រូវតែស្នើសុំចុះបញ្ជីអចលនទ្រព្យនោះ។ នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស

-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ

-ប័ណ្ណសម្គាល់សិទ្ធិ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាល​សុរិយោដី ឬ ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណី​ដែលអចលនទ្រព្យបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសាររវាងអ្នកទិញ និងអ្នកលក់មកជាមួយផង។

ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ដល់រដ្ឋបាលសារពើពន្ធ អំពីអចលនទ្រព្យត្រូវជាប់ពន្ធទាំងនោះ ក្នុងករណី ៖

-អចលនទ្រព្យរបស់ខ្លួនត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់អំណោយ ហើយអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជីទៀត

-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ

-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬ រំលាយចោល

-ការផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលបានផលប្រយោជន៍ចុងក្រោយ។

អ្នកជាប់ពន្ធ មិនអាចក្លែងបន្លំឯកសារចុះបញ្ជីអចលនទ្រព្យបានទេ។ ប្រសិនណាបើ មន្ត្រីសារពើពន្ធរកឃើញថា អ្នកជាប់ពន្ធណាម្នាក់ ក្លែងបន្លំ​ឯកសារ​ នោះជននោះត្រូវរងទោសទណ្ឌតាមច្បាប់សារពើពន្ធ ដោយត្រូវពិន័យបង់ពន្ធប្រាក់បន្ថែមទៅលើពន្ធប្រថាប់ត្រានៃពន្ធអចលនទ្រព្យនោះ។

ដើម្បីភាពងាយស្រួលក្នុងការកាត់បន្ថយពេលវេលា និងការចំណាយនានា អ្នកជាប់ពន្ធ អាចទាញយកពាក្យស្នើសុំនេះ ដោយមិនគិតថ្លៃ នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]