សាលារាជធានីភ្នំពេញបង្ហាញពីសេវាមានភាពប្រសើរឡើង

ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រតិបត្ដិការនៅថ្នាក់កណ្តាល សាលារាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់ខ្លួន ដោយមានចំណតរថយន្តក្រោមដីនៅដើមខែមេសានេះ។

សំណង់អាគារនេះមានកម្ពស់ ៥១ម៉ែត្រ ត្រូវជា ១២ជាន់ ដោយថវិកាសាងសង់របស់សាលារាជធានីភ្នំពេញផ្ទាល់ បានចាប់ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៥ ហើយបានបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០១៦ ដោយមានទំហំសរុប ១១.៣១០ ម៉ែត្រការ៉េ។ អាគារនេះមានរួមបញ្ចូលគ្នានូវស្នាដៃស្ថាបត្យកម្មខ្មែរ និងស្ថាបត្យកម្មសម័យទំនើបដោយត្រូវបានរចនាឡើងដោយស្ថាបត្យករកម្ពុជា។

នៅជាន់ទី ១ នៃអាគារនេះគឺកន្លែងច្រកចេញចូលតែមួយ ហើយពីជាន់ទី ១ ដល់ជាន់ទី ៨ គឺជាការិយាល័យបំពេញការងារជាទូទៅរបស់សាលាសាលារាជធានី។ នៅជាន់ទី ៩ គឺជាកន្លែងឃ្លាំមើលកាមេរ៉ា CCTV ហើយជាន់ទី ១០ ជាកន្លែងទុកនូវគំរូផែនការមេរបស់ទីក្រុងឆ្នាំ ២០៣៥ ចំណែកជាន់ទី ១១ នេះត្រូវបានរចនាឡើងសម្រាប់ធ្វើជាសាលសន្និសីទ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំមុនថា អគារថ្មីនេះនឹងជួយសម្រួលដល់មន្ត្រីសាលាក្រុងប្រមាន ៣៤០ នាក់ ហើយនៅពេលដែលមន្ត្រីរបស់ខណ្ឌ និងសង្កាត់ត្រូវបានរាប់បញ្ចូលទាំងអស់នោះ ចំនួននេះនឹងកើនដល់ ៨០០ នាក់។

ដោយសារតែបញ្ហាចំណតរថយន្តដែលតែងតែបន្តកើតមាន សាលារាជធានីភ្នំពេញបានបើកប្រើប្រាស់ចំណតរថយន្តក្រោមដីដែលមាន ៣ ជាន់ផងដែរ។ ចំណតនេះត្រូវបានបញ្ចប់ការសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំសរុប ៧.៧៨០ ម៉ែត្រការ៉េ និងអាចផ្ទុករថយន្តបានចំនួន ២៣៩ គ្រឿង។ ក្រៅពីសំណង់អគារ និងចំណតរថយន្តថ្មីនេះ សាលារាជធានីភ្នំពេញក៏បានធ្វើជួសជុលអគារដែលមានស្រាប់ និងបរិវេណសាលារាជធានីផងដែរ។

បើតាមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ភ្នំពេញត្រូវបានបង្កើតឲ្យក្លាយជាទីក្រុងលើកដំបូងនៅក្នុងឆ្នាំ ១៣៧៥ នៅទួលវត្តភ្នំ។ បន្ទាប់មក ទីក្រុងនេះត្រូវបានធ្វើទំនើបកម្មក្នុងរជ្ជកាលព្រះបាទពញាយ៉ាតពីឆ្នាំ ១៤៣១ ទៅឆ្នាំ ១៤៣៤ ដោយការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ។

២៤ ឆ្នាំបន្ទាប់ពីកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងឆ្នាំ ១៨៨៧ រាជធានីត្រូវបានផ្លាស់ប្តូរពីឧដុង្គទៅកាន់តំបន់តូចមួយដែលពេលបច្ចុប្បន្ននេះស្ថិតក្នុងខណ្ឌដូនពេញ។ នៅពេលនោះហើយដែលតំបន់រដ្ឋបាលផ្លូវការ និងតំបន់ពាណិជ្ជកម្ម ត្រូវបានកសាងឡើងនៅជុំវិញវត្តភ្នំ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ សាលារៀន មន្ទីរពេទ្យ អគារសាធារណៈ និងអគារកីឡា ត្រូវបានសាងសង់នៅលើផ្ទៃដីដ៏ធំក្នុងអំឡុងពេលនោះ។

នៅចន្លោះឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧០ រាជធានីភ្នំពេញបានឆ្លងកាត់ដំណាក់កាលមួយផ្សេងទៀតនៃទំនើបកម្មដឹកនាំដោយផែនការមេទីក្រុងមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលសង្គមរាស្ត្រនិយមក្នុងសម័យនោះ។ ប៉ុន្តែសុបិន្តអាក្រក់នៃការបំផ្លិចបំផ្លាញមួយបានក្របដណ្តប់លើរាជធានីនេះពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ មុនពេលដែលក្លាយជាទីក្រុងខ្មោចក្នុងអំឡុងរបបប្រល័យពូជសាសន៍ចន្លោះពីឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។

លោកអភិបាលក៏បានមានប្រសាសន៍ផងដែរថា “សព្វថ្ងៃនេះ ភ្នំពេញលាតសន្ធឹងលើផ្ទៃដីជាង ៦៧៨ គីឡូម៉ែត្រការ៉េ ហើយត្រូវបានបែងចែកជា ១២ ខណ្ឌ ៩៦ សង្កាត់ និង ៩០៩ ភូមិ ។ ក្នុងនោះចំនួនប្រជាជនដែលនៅថេរក្នុងភ្នំពេញមានចំនួន ១,៦លាននាក់ និងពលករចំណាកស្រុក ០,៨ លានផ្សេងទៀត ហើយកំពុងកើនឡើងក្នុងអត្រា ៣,១៥ ភាគរយក្នុងមួយឆ្នាំ ព្រមទាំងមានដង់ស៊ីតេប្រជាជននៃ ២,២៨៧/គម២។” នៅក្នុងពិធីសម្ពោធអគារថ្មីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឲ្យពង្រឹងផលិតភាពការងាររបស់ខ្លួនជាមួយនិងអគារថ្មីស្រស់ស្អាតនេះ។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “អគារការិយាល័យថ្មីនៅទីនេះ គឺស្របទៅនឹងការរីកចំរើនកន្លងមកទល់ពេលនេះនៅក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែបញ្ហាធំជាងគេបំផុតសម្រាប់ពេលបន្ទាប់ គឺការមិនមែនមានការិយាល័យដែលទំនើបស្អាតនោះទេ ប៉ុន្តែគឺការធានាបាននូវប្រសិទ្ធិភាពការងារ។”

សម្តេចបានមានប្រសាសន៍សង្កត់ធ្ងន់ថា “បើទោះបីមានការិយាល័យធ្វើការងារល្អក៏ដោយ ខ្ញុំនៅតែអំពាវនាវឲ្យធ្វើការងារប្រកបដោយប្រសិទ្ធិភាព។ វាហាក់ដូចជាថានៅក្នុងទសវត្សឆ្នាំ ១៩៨០ ពេលដែលយើងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុត ជាមួយកន្លែងការងារដែលមិនស្អាតល្អ ប៉ុន្តែប្រសិទ្ធភាពការងារគឺខ្ពស់ជាង។”

នៅក្នុងលិខិតដែលសាលារាជធានីភ្នំពេញផ្ញើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការអនុម័តយល់ព្រមកាលពីឆ្នាំមុន សាលារាជធានីភ្នំពេញស្នើសុំបង្កើតបន្ថែមនូវសង្កាត់ចំនួន ១១ ក្នុងខណ្ឌចំនួន ៥ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]