កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ
ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ណទៅប៉ោយប៉ែត នឹងបើកផ្លូវសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ក្នុងតំបន់ដោយរលូននៅឆ្នាំ ២០២៧
គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួមជាង ៦៣% ហើយ។ នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោក ផន រឹម បានឱ្យដឹងថា កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនការងារយ៉ាងសស្រាក់សស្រាំ ហើយគ្រោងរួចរាល់នៅអំឡុង ២០២៧ ខាងមុខឆាប់ៗនេះហើយ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ជាពិសេសកាត់បន្ថយការហុយដីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ។
សូមរំឭកដែរថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារ (ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានិងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន។ ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ ត្រូវបានសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត គឺដោយសារតែបានធ្វើការដេញថ្លៃក្រោយគេ ហើយក៏ចាប់ផ្ដើមសាងសង់ក្រោយគេផងដែរ។
នៅពេលសាងសង់រួចរាល់ គម្រោងកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បួនគន្លងនេះនឹងបម្រើជាច្រករបៀងដឹកជញ្ជូនដែលមិនអាចខ្វះបាន ដោយភ្ជាប់ទីក្រុងភ្នំពេញដោយផ្ទាល់ទៅកាន់ព្រំដែនថៃ។ តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន គម្រោងនេះនឹងជំរុញអាជីវកម្មក្នុងស្រុកយ៉ាងខ្លាំង សម្រួលដល់ទេសចរណ៍ឆ្លងដែន និងលើកកម្ពស់គុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជានៅក្នុងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចអាស៊ាន។ (អានបន្ថែម)

- Video Advertisement -