ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ
ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបណ្តុះអ្នកដឹកនាំពិភពលោក និងជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិ។
ទីតាំងថ្មី សាលារៀន អេយូភីភី ឡៃហ្គឺ លីឌឺហ្សីបអាកាឌឺមី ( AUPP Liger Leadership Academy)
ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Janet Tartaglia នាយិកាសាលា AUPP Liger Leadership Academy។
នាឱកាសនោះ នាយិកាសាលា AUPP បានឱ្យដឹងថា បេសកកម្ម AUPP គឺផ្តោតលើការបង្កើតពលរដ្ឋសកល (Global Citizens) និងអ្នកដឹកនាំសម្រាប់អនាគត (Future Leader) ប្រកបដោយចំណេះដឹងខ្ពស់ បច្ចេកវិទ្យាស្ទាត់ជំនាញ មានវិន័យកីឡា និងមានមនសិការជួយសង្គមជាតិ ជួយឱ្យសិស្សកម្ពុជាមានសមត្ថភាពប្រកួតប្រជែងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ជាមួយគ្នានេះឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការសម្ពោធទីតាំងថ្មីនៃសាលា AUPP Liger Leadership Academy គឺជាវឌ្ឍនភាពថ្មីមួយទៀតសបញ្ជាក់ពីភាពរីកចម្រើនជាប្រវត្តិសាស្ត្ររបស់សាលារៀននេះចាប់តាំងឆ្នាំ២០១២។ ក្រសួងអប់រំជឿជាក់ថា សាលានេះនឹងដើរតួនាទីយ៉ាងសំខាន់មួយកម្រិតទៀត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ និងក្លាយខ្លួនអ្នកដឹកនាំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ។
កន្លងមក AUPP Liger Leadership Academy (ALLA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាបែបអនុវត្តគម្រោង (Project-Based Learning) ដោយបានបង្កើតនូវសមិទ្ធផល និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យអប់រំជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស យុវជន និងកីឡា ជាមួយចក្ខុវិស័យបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ (Leadership Development) សម្រាប់យុវជនកម្ពុជា។
សាលា AUPP Liger Leadership Academy នឹងចាប់ផ្តើមបើកដំណើរការទីតាំងថ្មីនៅខណ្ឌជ្រោយចង្វារ នាដើមខែមីនា ឆ្នាំ២០២៦ នេះតទៅ ដោយផ្តោតលើការអប់រំតាមប្រព័ន្ធបណ្ដុះសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងគំនិតសហគ្រិនភាព។ ទីតាំងថ្មីនេះស្ថិតនៅតាមបណ្តោយផ្លូវចំការចិនទី២ ភូមិ២ សង្កាត់ជ្រោយចង្វារ ដោយផ្តល់នូវបរិយាកាសសិក្សាទំនើប រួមទាំងកម្មវិធីស្នាក់នៅសម្រាប់សិស្ស៕

Screenshot

- Video Advertisement -