ជប៉ុនផ្តល់ឥណទាន ៤៧លានដុល្លារ ជួយគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ
ជប៉ុនបានផ្តល់ឥណទាន ៤៧ លានដុល្លារអាមេរិក សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងសម្រាប់ប្រព័ន្ធសារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ផ្សាយចេញកាលចុងសប្តាហ៍ ដែលកម្មវិធីធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើពិធីប្តូរសារកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ ជាផ្លូវការ។ (អានបន្ថែម)
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ MIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
គម្រោងនេះ មានគោលបំណងបញ្ចៀសការលិចលង់ដោយសារជំនន់ទឹកភ្លៀង និងការស្តារប្រព័ន្ធទឹកកខ្វក់ ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសរស់នៅរបស់ប្រជាជននៅក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈការសាងសង់ប្រព័ន្ធលូសរុបប្រវែង ៩,៣២ គ.ម, ការសាងសង់អាងស្តុកទឹក (Regulation Pond) ទំហំ ១៨ ហិកតា ចំនួន ១ កន្លែង, ការសាងសង់ស្ថានីយបូមទឹក (Pumping Station) ដែលមានសមត្ថភាពប្រមាណ ២០ម/វិនាទី ចំនួន ១ កន្លែង, ការសាងសង់ទ្វារទឹកជំនន់ (Floodgate) ចំនួន ២ កន្លែង, ការសាងសង់ស្ពានឆ្លង ចំនួន ១ កន្លែង និងការងារផ្គត់ផ្គង់ម៉ាស៊ីនបូមទឹកកខ្វក់ និងសម្ភារៈមួយចំនួនទៀត។
សេចក្តីប្រកាសខាងលើ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យលទ្ធភាពក្នុងបង្កើនទំហំឥណទានសម្រាប់គាំទ្រលើបេក្ខភាពគម្រោងថ្មីៗទៀត។
សូមរំឭកដែរថា កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កម្ចីសម្បទានជិត ៣០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ២ ពាក់ព័ន្ធនឹងគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងចែកចាយអគ្គិសនីនៅក្នុងរាជធានីភ្នំពេញផងដែរ៕ (អានបន្ថែម)

- Video Advertisement -