តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំបន់អភិរក្សដីសើមដ៏ល្បីល្បាញរបស់ខេត្តបាត់ដំបង ក្លាយជាឧទ្យានបេតិកភណ្ឌអាស៊ានជាផ្លូវការ

តំបន់រ៉ាមសារព្រែកទាល់នៃឋបនីជីវៈចម្រុះបឹងទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពនៃឧទ្យានបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបរិស្ថានកាលចុងសប្តាហ៍។

ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋសមាជិកអាស៊ានបានគាំទ្រ និងឯកភាពដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ២០២៦។

ក្រសួងបរិស្ថានបានបញ្ជាក់ដែរថា ក្រសួង​បាននិងកំពុងសិក្សាវាយតម្លៃសក្តានុពលនៃតំបន់ឧទ្យានជាតិជួរភ្នំក្រវាញដែលជាតំបន់សម្បូរទៅដោយជីវៈចម្រុះ ប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជ កំពុងទទួលរងការគំរាមគំហេង និងជាជម្រកពងកូនដែលមានសក្តានុពលក្នុងការដាក់ស្នើសុំទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ាននាពេលអនាគតផងដែរ។

សូមជម្រាបដែរថា បច្ចុប្បន្ននេះ កម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួនពីររួមមាន ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅខេត្តកំពតត្រូវដាក់បញ្ចូលនិង អនុម័តជាផ្លូវការនៅឆ្នាំ២០០៣។ នៅពេលដ៏ខ្លីខាងមុខ ពេលដែលតំបន់រ៉ាមសារព្រែកទាល់ ស្ថិតនៅខេត្តបាត់ដំបង ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋមន្រ្តីបរិស្ថានអាស៊ាននោះ ប្រទេសកម្ពុជានឹងមានតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានចំនួនបី ដែលជាលទ្ធផលគួឱ្យមោទនភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពានិងអភិរក្សធនធានធម្មជាតិសម្រាប់ជាតិយើង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]