ត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ពាន់លានដុល្លារ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនៅតែបន្តរឹងមាំ ខណៈត្រឹមឆ្នាំ ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ជិត ១ពាន់លានដុល្លារ( ៨៥៩ លានដុល្លារ)។ នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីលើកឡើងពី​គម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសំដៅឈានទៅពង្រឹងទំនាក់ទំនងធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម លើវិស័យសក្តានុពល ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគដែលអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ា ក៏បានចង្អុលបង្ហាញពីវិស័យសំខាន់ៗនៅកម្ពុជាមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកប​ដោយចីរភាព និងទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាខាងលើ ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្តែងនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាលជាដើម។

នៅពេលដែលប្រទេសទាំងពីរធ្វើការយ៉ាងសកម្មដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចយ៉ាងដូច្នេះ អនាគតនៃពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី កំពុងឆ្ពោះទៅរកភាពភ្លឺស្វាង ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើន និងវិបុលភាពទៅវិញទៅមក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]