ក្រុមហ៊ុនបារាំង ចង់អភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ
ដោយសហការជាមួយក្រុមហ៊ុន WorldBridge Group និងទទួលបានការសម្របសម្រួលពេញលេញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើបដិវត្តន៍ខ្សែសង្វាក់ផ្គត់ផ្គង់ ធានាប្រាក់ចំណូលកសិកម្មក្នុងស្រុក និងពង្រីកការនាំចេញផលិតផលកសិកម្ម
ក្រុមហ៊ុនបារាំង SEMMARIS កំពុងជំរុញគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
តំណាងក្រុមហ៊ុនបារាំងបញ្ជាក់ថា ជំនួបនេះជាការពិភាក្សាដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។ គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group តាមរយៈការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ តំណាងក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ (អានបន្ថែម)
ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ និងបង្ហាញពីជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។
សូមជម្រាបដែរថា គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេលអនាគតផងដែរ៕ (អានបន្ថែម)

- Video Advertisement -